នៅក្នុងសៀវភៅដែលលោកស៊ីអេស លូអ៊ីស(C.S. Lewis)បាននិពន្ធ មានចំណងជើងថា មូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទបរិស័ទ គាត់បានសរសេរថា “ព្រះជាម្ចាស់មិនស្ថិតនៅក្រោមអំណាចនៃពេលវេលាឡើយ។ ព្រះជន្មរស់ទ្រង់ មិនមានពេលវេលាកំណត់ ដែលបន្តពីពេលមួយទៅពេលមួយទៀត … ហើយពេលវេលាទាំងអស់ ចាប់តាំងពីដើមកំណើតពិភពលោក គឺសុទ្ធតែជាពេលបច្ចុប្បន្នរបស់ព្រះអង្គទំាងអស់”។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចគេចផុតពីអំណាចនៃពេលវេលាបានឡើយ។ ជាញឹកញាប់ រដូវកាលនៃការរង់ចាំរបស់មនុស្ស ហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ប៉ុន្តែ ពេលណាយើងរៀនទុកចិត្តព្រះ ដែលជាអ្នកបង្កើតពេលវេលាដ៏អស់កល្បជានិច្ច យើងអាចទទួលស្គាល់ការពិត ដែលថា ជីវិតដ៏ផុយស្រួយរបស់យើង បាននៅជាប់ក្នុងព្រះហស្តព្រះអង្គ ដោយសុវត្ថិភាព។
អ្នកនិពន្ធទំនុកដំកើងបានពោលទំនួញ នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០២ ដោយទទួលស្គាល់ថា “អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ
នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្តីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ”(ខ.១១-១២)។ អ្នកនិពន្ធបទគម្ពីរនេះ មានការនឿយលំបាក ដោយសារទុក្ខវេទនា បានជាគាត់ប្រកាស់ថា ព្រះជាម្ចាស់គង់នៅលើបល្ល័ង្កជារៀងរហូត (ខ.១២)។ គាត់ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គបានសម្តែងព្រះចេស្តា និងសេចក្តីអាណឹតដ៏ស្ថិតស្ថេរ ចំពោះគាត់ លើសពីការរំពឹងគិតរបស់គាត់(ខ.១៣-១៨)។ សូម្បីតែនៅពេលដែលគាត់មានការអស់សង្ឃឹម(ខ.១៩-២៤) គាត់បានផ្តោតទៅលើព្រះចេស្តាព្រះ ដែលជាព្រះអាទិករ(ខ.២៥)។ របស់ទំាងឡាយដែលព្រះអង្គបង្កើតនឹងវិនាសទៅ តែព្រះអង្គនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច(ខ.២៦-២៧)។
នៅពេលដែលពេលវេលាហាក់ដូចជានៅត្រឹងមួយកន្លែង ឬអូសបន្លាយយូរ យើងប្រហែលជាងាយនឹងចោទប្រកាន់ព្រះជាម្ចាស់ថា ព្រះអង្គមានភាពយឺតយ៉ាវ ឬមិនឆ្លើយតបចំពោះយើង។ យើងប្រហែលជាមានចិត្តអន្ទះសារកាន់តែខ្លាំង ហើយមានអារម្មណ៍នឿយណាយ ចំពោះព្រះអង្គ ដែលហាក់ដូចជានៅស្ងៀម។ យើងប្រហែលជាភ្លេចហើយថា ព្រះអង្គបានជ្រើសរើសថ្មរាបនីមួយៗដើម្បីសង់ផ្លូវ ដែលទ្រង់បានរៀបចំសម្រាប់យើង។ ប៉ុន្តែ ព្រះអង្គមិនដែលទុកឲ្យយើងជួយខ្លួនឯងឡើយ។ កាលណាយើងរស់នៅដោយជំនឿ ក្នុងព្រះវត្តមាននៃព្រះ យើងអាចដើរ ជាមួយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន។—XOCHITL DIXON