ពេល​ខ្ញុំ​កំពុង​ចូល​ទៅ​ក្នុង​ឡាន​របស់​ខ្ញុំ ពន្លឺ​ផ្លេក​ៗ​បាន​ទាក់​ភ្នែក​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ងាក​មើល​វា ហើយ​ក៏​បាន​ឃើញ​ដែក​គោល​មួយ នៅ​ជាប់​នឹង​ចំហៀង​កង់​ខាង​ក្រោយ​​ឡានរបស់​ខ្ញុំ។ ខ្ញុំ​ប្រឹង​ផ្ទៀង​ត្រចៀក​ស្តាប់ ក្រែង​លោ​បាន​ឮ​សម្លេង​ខ្យល់​បាញ់​ចេញ​ពី​ក្នុង​កង់​ឡាន​ដូច​សម្លេង​ហួច។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ដែក​គោល​នោះ​បាន​ជាប់​នៅ​ក្នុង​កង់​នោះ​ណែន​ល្អ គឺ​មិន​បាន​ធ្វើ​ឲ្យ​កង់​នោះធូរ​អស់​ខ្យល់​ទេ។

ពេល​ខ្ញុំ​បើក​ឡាន​ទៅ​កន្លែង​លក់​កង់​ឡាន ខ្ញុំ​ឆ្ងល់​ថា តើ​ដែក​គោល​នោះ បាន​ជាប់​នឹង​កង់​ឡាន​ខ្ញុំ​ យូរ​ប៉ុណ្ណា​ហើយ? តើ​ប៉ុន្មាន​ថ្ងៃ? ប៉ុន្មាន​សប្តាហ៍​ហើយ? តើ​ព្រះ​ជា​ម្ចាស់​បាន​ការពារ​ខ្ញុំ ឲ្យ​រួច​ពី​ការ​គម្រាម​កំហែង ដែល​ខ្ញុំ​មិន​បាន​ដឹង តាំង​ពី​ពេល​ណា?

ជួន​កាល យើង​រស់​នៅ ដោយ​យល់​ច្រឡំ​ថា យើង​អាច​គ្រប់​គ្រង​ស្ថាន​ភាព​របស់​យើង។ ប៉ុន្តែ ដែក​គោល​ដែល​ជាប់​កង់​ឡាន​នោះ បាន​រំឭក​ខ្ញុំ​ថា យើង​មិន​អាច​គ្រប់​គ្រង​ស្ថាន​ភាព​របស់​យើង​ឡើយ។

ប៉ុន្តែ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ជីវិត​យើង​កំពុង​បាត់​បង់​ម្ចាស់​ការ មិន​នឹង​នរ យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ដ្បិត​យើង​អាច​ទុក​ចិត្ត​ព្រះ​អង្គ​បាន។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៨ ស្តេច​ដាវីឌ​បាន​សរសើរ​ដំកើង​ព្រះ សម្រាប់​ការ​ថែរក្សា​របស់ព្រះអង្គ (ខ.៣៤-៣៥)។ ស្តេច​ដាវីឌ​បាន​សារភាព​ថា “គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូលបង្គំ​ដោយ​កំឡាំង … ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូលបង្គំ​បាន​ទូលាយ​ចេញ​ទៅ ហើយ​ជើង​ទូលបង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ”(ខ.៣២,៣៦)។ ក្នុង​បទ​កំណាព្យ​សរសើរ​ដំកើង​នេះ ស្តេច​ដាវីឌ​បាន​សរសើរ​ព្រះ​វត្តមាន​របស់​ព្រះ​អម្ចាស់ ដែល​បាន​ជួយ​ទ្រទ្រង់​ជីវិត​របស់​ទ្រង់​(ខ.៣៥)។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន​ដើរ​ចូល​ទីលាន​ប្រយុទ្ធ​ដូច​ស្តេច​ដាវីឌ​ឡើយ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ឡើយ។ តែ​ជីវិត​របស់​ខ្ញុំ​នៅ​តែ​ជួប​ភាព​វឹកវរ​ជា​ញឹកញាប់។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​អាច​សម្រាក ដោយ​ដឹង​ថា ព្រះ​អង្គ​តែង​តែ​គង់​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច ទោះ​ជីវិត​ខ្ញុំ​នៅ​តែ​ជួប​បញ្ហា នៅលើ​ផែនដី​នេះ​យ៉ាង​ណា​ក៏​ដោយ។ ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​នឹង​ទៅ​កន្លែង​ណា ហើយ​ខ្ញុំ​នឹង​ជួប​ប្រទះ​អ្វី​ខ្លះ។ ហើយ​ព្រះ​អង្គ​ជា​ម្ចាស់​លើគ្រប់​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ “ដែក​គោល” នៃ​ជីវិត​យើង​ក៏​ដោយ។—ADAM HOLZ