នៅសហរដ្ឋអាមេរិក តុក្កតាអេលម៉ូ តុក្កតាកុមារស្ពៃក្តោប និងតុក្កតាហ្វឺប៊ី ស្ថិតក្នុងចំណោមអំណោយទាំង២០ ដែលពេញនិយមបំផុត នៅថ្ងៃបុណ្យណូអែល។ តុក្កតាទំាងនេះសុទ្ធតែបាននាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់កុមារាកុមារីទាំងឡាយ នៅថ្ងៃបុណ្យណូអែល។
យើងរាល់គ្នាសុទ្ធតែមានចិត្តសប្បាយរីករាយ នៅក្នុងការឲ្យអំណោយ នៅថ្ងៃបុណ្យណូអែល ប៉ុន្តែ ភាពសប្បាយរីករាយនេះ មិនអាចប្រៀបផ្ទឹមនឹងក្តីអំណរដែលព្រះទ្រង់មាន នៅក្នុងការប្រទានអំណោយដំបូងបំផុត នៅថ្ងៃណូអែលឡើយ។ អំណោយរបស់ទ្រង់ គឺជាបុត្រតូចមួយអង្គ ដែលបានប្រសូត្រនៅភូមិបេថ្លេហិម ដោយផ្ទុំក្នុងស្នូក ក្នុងក្រោលសត្វ(លូកា ២:៧)។
ព្រះអង្គបានប្រសូត្រនៅកន្លែងតូចទៀប តែពួកទេវតាប្រកាសអំពីការយាងមកប្រសូត្ររបស់ព្រះអង្គថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(ខ.១០-១១)។ បន្ទាប់ពីទេវតាបានប្រកាស់ដំណឹងដ៏អស្ចារ្យនេះហើយ នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៣-១៤)។
នៅថ្ងៃបុណ្យណូអែលឆ្នាំនេះ សូមអរសប្បាយនៅក្នុងការឲ្យអំណោយ ដល់មនុស្សជាទីស្រឡាញ់របស់អ្នក តែសូមកុំភ្លេចមូលហេតុដែលព្រះជាម្ចាស់ប្រទានអំណោយដ៏អស្ចារ្យបំផុតមកមនុស្សជាតិ គឺដោយសារព្រះអង្គបានស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាព្រះអង្គ ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប។ យើងឲ្យអំណោយ គឺដោយសារព្រះអង្គបានប្រទានព្រះរាជបុត្រាព្រះអង្គមកយើងរាល់គ្នា។ សូមយើងថ្វាយបង្គំព្រះអង្គ ដោយចិត្តដែលអរព្រះគុណ។—REMI OYEDELE