នៅ​សហរដ្ឋ​អាមេរិក តុក្កតាអេលម៉ូ តុក្កតា​កុមារ​ស្ពៃ​ក្តោប និង​តុក្កតា​ហ្វឺប៊ី ស្ថិត​ក្នុង​ចំណោម​អំណោយ​ទាំង​២០ ដែល​ពេញ​និយម​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល។ តុក្កតា​ទំាង​នេះ​សុទ្ធ​តែ​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ដល់​កុមារា​កុមារី​ទាំង​ឡាយ ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ចិត្ត​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​ឲ្យ​អំណោយ នៅ​ថ្ងៃ​បុណ្យ​ណូអែល ប៉ុន្តែ ភាព​សប្បាយ​រីក​រាយ​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ក្តី​អំណរ​ដែល​ព្រះ​ទ្រង់​មាន នៅ​ក្នុង​ការ​ប្រទាន​អំណោយ​ដំបូង​បំផុត នៅ​ថ្ងៃ​ណូអែល​ឡើយ។ អំណោយ​របស់ទ្រង់ គឺ​ជា​បុត្រ​តូច​មួយ​អង្គ ដែល​បាន​ប្រសូត្រ​នៅ​ភូមិ​បេថ្លេហិម  ដោយ​ផ្ទុំ​ក្នុង​ស្នូក ក្នុង​ក្រោល​សត្វ​(លូកា ២:៧)។

ព្រះអង្គ​បាន​ប្រសូត្រ​នៅ​កន្លែង​តូច​ទៀប តែ​ពួក​ទេវតា​ប្រកាសអំពី​ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​អង្គ​ថា “កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(ខ.១០-១១)។ បន្ទាប់​ពី​ទេវតា​បាន​ប្រកាស់​ដំណឹង​ដ៏​អស្ចារ្យ​នេះ​ហើយ​  នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កកកុញ​ពី​ស្ថានសួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា “សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់”(ខ.១៣-១៤)។

នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ សូម​អរ​សប្បាយ​នៅ​ក្នុង​ការ​ឲ្យ​អំណោយ ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក តែ​សូម​កុំ​ភ្លេច​មូលហេតុ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មក​មនុស្ស​ជាតិ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ស្រឡាញ់​យើង​ខ្លាំង​ណាស់ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​ព្រះអង្គ ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប។ យើង​ឲ្យ​អំណោយ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​មក​យើង​រាល់​គ្នា។ សូម​យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ចិត្ត​ដែល​អរ​ព្រះ​គុណ។—REMI OYEDELE