បច្ចេក​វិទ្យា​សព្វ​ថ្ងៃ ហាក់​ដូច​ជា​កំពុង​តែ​ទាម​ទា​ចំណាប់​អារម្មណ៍​ពី​យើង​ជា​និច្ច។ អ៊ីនធើណិត​គឺ​ជា“ភាព​អស្ចារ្យ” ក្នុង​សម័យ​ទំនើប (ដែល​សព្វ​ថ្ងៃ​នេះ យើង​អាច​ប្រើ​ប្រាស់​វា​យ៉ាង​ងាយ​ស្រួល នៅ​ក្នុង​ទូរស័ព្ទ​ទំនើប) ដែល​បាន​ផ្តល់​ឲ្យ​យើង នូវ​លទ្ធភាព​ដ៏​អស្ចារ្យ ក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង និង​ពត៌​មាន​របស់​មនុស្ស នៅ​ក្នុង​ឧបករណ៍​ដែល​យើង​អាច​កាន់​នៅ​ក្នុង​ដៃ​យើង​បាន។ ប៉ុន្តែ សម្រាប់​មនុស្ស​ជា​ច្រើន ការ​ចូល​មើល​អ៊ីន​ធើណិត​ជាប់​ជា​និច្ច ឬ​ញឹក​ញាប់​ពេក​ អាច​នាំ​ឲ្យ​មាន​ការ​ខាត​បង់។

អ្នក​ស្រី​លីនដា ស្តូន(Linda Stone) ដែល​ជា​អ្នក​និពន្ធ​បាន​និយាយ​ពី​ផល​វិបាក​របស់​អ៊ីនធើណិត ដែល​បាន​ទាក់​ទាញ​អារម្មណ៍​របស់​យើង​ជាប់​ជា​និច្ច​។ គាត់​បាន​ពិពណ៌នា​ថា ក្នុង​សម័យ​បច្ចុប្បន្ន អ៊ីន​ធើណិត​បាន​ជំរុញ​ចិត្ត​មនុស្ស ឲ្យ​ចេះ​តែ​ចង់​ដឹង​ចង់​យល់ អំពី​ការ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​សង្គម ​គឺ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​រំលង​រឿង​ណា​មួយ​ឡើយ។ បញ្ហា​នេះ​អាច​នាំ​ឲ្យ​មនុស្ស​មាន​ចិត្ត​ថប់​បារម្ភ​ដ៏​រាំរ៉ៃ។

សាវ័ក​ប៉ុល​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​ថប់​បារម្ភ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា ​វិញ្ញាណ​របស់​យើង​ម្នាក់​ៗ​សុទ្ធ​តែ​ចំា​បាច់​ត្រូវ​ស្វែង​រក​សន្តិ​ភាព នៅ​ក្នុង​ព្រះ​ជា​ម្ចាស់។ ហេតុ​នេះ​ហើយ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ជឿ​ថ្មី ដែល​បាន​ជួប​ការ​បៀត​បៀន(១ថែស្សាឡូនិច ២:១៤) នៅ​ចុង​សំបុត្រ​នោះ គាត់​បាន​ជំរុញ​អ្នក​ជឿ​ទាំង​អស់ ថា “ចូរ​អរ​សប្បាយ​ជា​និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ​គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់” (៥:១៦-១៨)។

ការ​អធិស្ឋាន “ឥត​ឈប់​ឈរ” ហាក់​ដូច​ជា​មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​បាន​បើក​មើលទូរ​ស័ព្ទ​របស់​យើង ក្នុង​មួយ​ថ្ងៃ​ប៉ុន្មាន​ដង? ចុះ​បើ​សិន​ជា​យើង​ងាក​មក​ជជែក​ជា​មួយ​ព្រះ​អង្គ ដើម្បី​អរ​ព្រះ​គុណ ទូល​អង្វរ ឬ​សរសើរ​ដំកើង​ព្រះ​អង្គ​វិញ តើ​ជីវិត​យើង​នឹង​ល្អ​ប្រសើរ​យ៉ាង​ណា?

ជាង​នេះ​ទៅ​ទៀត ចុះ​បើ​សិន​ជា​យើង​ផ្លាស់​ប្តូរ​ទម្លាប់​ដែល​ចេះ​តែ​ចង់​មើល​នេះ​មើល​នោះ នៅ​ក្នុង​ទូរស័ព្ទ ហើយ​ងាក​មក​សម្រាក ដោយ​ការ​អធិស្ឋាន​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​វិញ តើ​វិញ្ញាណ​យើង​នឹង​មាន​ភាព​រឹង​មាំ​ប៉ុណ្ណា? តាម​រយៈ​ការ​ពឹង​ផ្អែកលើ​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​អាច​រៀន​ផ្តោត​ចិត្ត​ទាំង​ស្រុង ទៅ​លើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជា​រៀង​រាល់​ថ្ងៃ។ —ADAM HOLZ