លោក​ប៊ែងស៊ី(Banksy) ជា​សីល្បៈ​ករ​ដែល​មាន​ភាព​ប៉ិន​ប្រសប់​ណាស់។ គាត់​បាន​បង្ហាញ​ចេញ​នូវ​កាយ​វិការ​ដែល​គួរ​ឲ្យ​អស់​សំណើច ពេល​ដែល​ផ្ទាំង​គំនូរ​របស់​គាត់ មាន​ចំណង​ជើង​ថា ក្មេង​ស្រី​កាន់​ប៉េងប៉ោង  ត្រូវ​បាន​គេ​ទិញ​ក្នុង​តម្លៃ​១​លាន​ផោន នៅ​មជ្ឈ​មណ្ឌល​ដេញ​ថ្លៃ​សូថេប៊ី ក្នុង​ទីក្រុង​ឡុងដ៍។ បន្ទាប់​ពី​គេ​ប្រកាស់​ថា ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន “លក់” មួយ​សន្ទុះ​ក្រោយ​មក សម្លេង​កណ្តឹង​ក៏​បាន​រោទ៍​ឡើង ហើយ​ផ្ទាំង​គំនូរ​នោះ​ក៏​បាន​ថ្លាក់​ចុះ​ពី​ស៊ុម​របស់​វា កាត់​តាម​ម៉ាស៊ីន​កាត់​ក្រដាស់ ដែល​គាត់​បានបង្កប់​នៅ​ក្នុង​ស៊ុម​នោះ ធ្វើឲ្យ​ផ្ទៃ​រូប​ពាក់​កណ្តាល​ខាង​ក្រោម ត្រូវ​ដាច់​ដោច​អស់។ លោក​ប៊ែង​ស៊ី​ក៏​បាន​បង្ហោះ​រូប​ថត​មួយ ដែល​ក្នុងនោះ​គេ​ឃើញ​អ្នក​ដេញ​ថ្លៃ​ទាំង​ឡាយ ដែល​កំពុង​តែ​សម្តែង​កាយ​វិការ​សោក​ស្តាយ​ចំពោះ​ស្នា​ដៃ​ឯក​របស់​គាត់ ដែល​កំពុង​តែ​ត្រូវបាន​បំផ្លាញ ហើយ​គាត់​ក៏​បាន​ដាក់​ចំណង​ជើង​ឲ្យ​រូប​ភាព​នោះ​ថា “ទៅ​ហើយ ទៅ​ហើយ ហិន​ហោច​អស់”។

ត្រង់​ចំណុច​នេះ លោក​ប៊ែង​ស៊ី​កំពុង​តែ​ចម្អក​ឲ្យ​ពួក​អ្នក​មាន ប៉ុន្តែ គាត់​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​សោក​ស្តាយ​ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាន​បាត់​បង់​ទៅ​នោះ​ឡើយ។ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ គឺ​មាន​បង្កប់​ទៅ​ដោយ​ល្បិច​ជា​ច្រើន។ ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​ថា “កុំ​ឲ្យ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិ តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី”(ខ.៤-៥)។

លុយ​ជា​របស់​ដែល​ងាយ​បាត់​បង់​បំផុត។ យើង​ខិត​ខំ​ធ្វើ​ការ ដើម្បី​រក​លុយ តែ​វា​អាច​បាត់​បង់​ទៅ​វិញ ដោយ​សារ​កត្តា​ជា​ច្រើន។ ការ​វិនិយោគ​អាច​ខាត​បង់ អតិផរ​ណា​អាច​កើន​ឡើង យើង​ត្រូវ​បង់​ថ្លៃ​នេះ​បង់​ថ្លៃ​នោះ​មិន​ចេះ​ចប់ ចោរ​អាច​មក​លួច​ប្លន់ ហើយ​ភ្លើង​ និង​ទឹក​ជំនន់​ក៏​អាច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យើង​ផង​ដែរ។ ទោះ​យើង​ព្យាយាម​គ្រប់​គ្រង​លុយ​យើង​យ៉ាង​ណា​ក៏​ដោយ ពេល​វេលាដែល​យើង​នៅ​សល់ សម្រាប់​ចាយ​វា ក៏​សល់​កាន់​តែ​តិច​ទៅ​ៗ។ ជីវិត​យើង​នៅ​ផែន​ដី​ ​នឹង​ដល់​ទីបញ្ចប់ នៅ​ពេលណា​មួយ។

ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? នៅ​ក្នុង​ខគម្ពីរ​បន្ទាប់​ទៀត ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា “ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ។ ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ”(ខ.១៧-១៨)។ ចូរ​ទុក​ដាក់​ជីវិត​អ្នក​នៅ​ក្នុង​ព្រះ​យេស៊ូវ​ចុះ។ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​នឹង​ថែរក្សា​អ្នក​ជា​រៀង​រហូត។—MIKE WITTMER