បច្ចេកវិទ្យាសព្វថ្ងៃ ហាក់ដូចជាកំពុងតែទាមទាចំណាប់អារម្មណ៍ពីយើងជានិច្ច។ អ៊ីនធើណិតគឺជា“ភាពអស្ចារ្យ” ក្នុងសម័យទំនើប (ដែលសព្វថ្ងៃនេះ យើងអាចប្រើប្រាស់វាយ៉ាងងាយស្រួល នៅក្នុងទូរស័ព្ទទំនើប) ដែលបានផ្តល់ឲ្យយើង នូវលទ្ធភាពដ៏អស្ចារ្យ ក្នុងការស្វែងរកចំណេះដឹង និងពត៌មានរបស់មនុស្ស នៅក្នុងឧបករណ៍ដែលយើងអាចកាន់នៅក្នុងដៃយើងបាន។ ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ការចូលមើលអ៊ីនធើណិតជាប់ជានិច្ច ឬញឹកញាប់ពេក អាចនាំឲ្យមានការខាតបង់។
អ្នកស្រីលីនដា ស្តូន(Linda Stone) ដែលជាអ្នកនិពន្ធបាននិយាយពីផលវិបាករបស់អ៊ីនធើណិត ដែលបានទាក់ទាញអារម្មណ៍របស់យើងជាប់ជានិច្ច។ គាត់បានពិពណ៌នាថា ក្នុងសម័យបច្ចុប្បន្ន អ៊ីនធើណិតបានជំរុញចិត្តមនុស្ស ឲ្យចេះតែចង់ដឹងចង់យល់ អំពីការអ្វីដែលកំពុងតែកើតឡើងក្នុងសង្គម គឺធ្វើយ៉ាងណា កុំឲ្យរំលងរឿងណាមួយឡើយ។ បញ្ហានេះអាចនាំឲ្យមនុស្សមានចិត្តថប់បារម្ភដ៏រាំរ៉ៃ។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ការថប់បារម្ភ ដោយសារមូលហេតុផ្សេងៗ តែគាត់ក៏ដឹងផងដែរថា វិញ្ញាណរបស់យើងម្នាក់ៗសុទ្ធតែចំាបាច់ត្រូវស្វែងរកសន្តិភាព នៅក្នុងព្រះជាម្ចាស់។ ហេតុនេះហើយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅអ្នកជឿថ្មី ដែលបានជួបការបៀតបៀន(១ថែស្សាឡូនិច ២:១៤) នៅចុងសំបុត្រនោះ គាត់បានជំរុញអ្នកជឿទាំងអស់ ថា “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់” (៥:១៦-១៨)។
ការអធិស្ឋាន “ឥតឈប់ឈរ” ហាក់ដូចជាមិនងាយស្រួលទេ។ ប៉ុន្តែ យើងត្រូវសួរខ្លួនឯងថា តើយើងបានបើកមើលទូរស័ព្ទរបស់យើង ក្នុងមួយថ្ងៃប៉ុន្មានដង? ចុះបើសិនជាយើងងាកមកជជែកជាមួយព្រះអង្គ ដើម្បីអរព្រះគុណ ទូលអង្វរ ឬសរសើរដំកើងព្រះអង្គវិញ តើជីវិតយើងនឹងល្អប្រសើរយ៉ាងណា?
ជាងនេះទៅទៀត ចុះបើសិនជាយើងផ្លាស់ប្តូរទម្លាប់ដែលចេះតែចង់មើលនេះមើលនោះ នៅក្នុងទូរស័ព្ទ ហើយងាកមកសម្រាក ដោយការអធិស្ឋានក្នុងព្រះវត្តមានព្រះវិញ តើវិញ្ញាណយើងនឹងមានភាពរឹងមាំប៉ុណ្ណា? តាមរយៈការពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ នោះយើងអាចរៀនផ្តោតចិត្តទាំងស្រុង ទៅលើព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ខណៈពេលដែលយើងកំពុងតែបន្តដំណើរទៅមុខទៀតជារៀងរាល់ថ្ងៃ។ —ADAM HOLZ