នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ខ្ញុំបានក្រោកឡើង ដោយចិត្តរំពឹងថា ខ្ញុំនឹងបានឃើញទេសភាពដែលគួរឲ្យធុញទ្រាន់ នៅក្នុងពាក់កណ្តាលនៃរដូវរងា ដែលបានស្វាគមន៍ខ្ញុំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ មើលទៅទេសភាពនោះ ខ្ញុំមិនឃើញអ្វីក្រៅពីស្មៅពណ៌ត្នោតខ្ចី ដែលផុសឡើងពីស្រទាប់ព្រឹល និងផ្ទៃមេឃពណ៌ប្រផេះ ព្រមទាំងដើមឈើដែលរុះស្លឹកអស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏បានសង្កេតឃើញចំណុចដែលខុសប្លែក ដែលកើតមានថ្មីៗ ផងដែរ។ អាកាសធាតុដែលចុះត្រជាក់ខ្លាំង បានធ្វើឲ្យដើមឈើ និងស្មៅ ត្រូវបានគ្របដណ្តប់ដោយទឹកកកតូចល្អិតស្រួចៗ ដូចគ្រីស្តាល់។ ទេសភាពដ៏សោះកក្រោះ និងគួរឲ្យធុញទ្រាន់នោះ ក៏បានប្រែក្លាយជាទេសភាពដ៏ស្រស់ស្អាត ដោយពន្លឺដែលចាំងផ្លេកៗ នៅពេលថ្ងៃ គួរឲ្យទស្សនា ដោយចិត្តស្ងប់ស្ងែង។
ជួនកាល យើងមើលទៅបញ្ហារបស់យើង ដោយមិនបានប្រើសេចក្តីជំនឿ។ យើងមើលឃើញតែការឈឺចាប់ ការភ័យខ្លាច និងភាពអស់សង្ឃឹម ដែលស្វាគមន៍យើងរៀងរាល់ពេលព្រឹក ប៉ុន្តែ យើងបានមើលរំលងលទ្ធភាព ដែលយើងអាចមើលឃើញរឿងផ្សេងពីនេះ។ ពេលនោះ យើងមើលមិនឃើញភាពធូរស្បើយ ការលូតលាស់ ឬជ័យជម្នះ តាមរយៈអំណាចចេស្តារបស់ព្រះនោះទេ។ តែព្រះគម្ពីរបានប្រាប់យើងថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចជួយចម្លងយើង ឲ្យផុតពេលដ៏ពិបាកនោះបាន។ ព្រះអង្គជួសជុលចិត្តដែលខ្ទេចខ្ទាំ និងរំដោះមនុស្សឲ្យរួចពីចំណង។ ព្រះអង្គកម្សាន្តចិត្តមនុស្សដែលសោកសង្រេង ដោយប្រទាន “ភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ”(អេសាយ ៦១:៣)។
ព្រះអង្គមិនគ្រាន់តែសព្វព្រះទ័យ ឲ្យយើងមានចិត្តរីករាយឡើងវិញ ពេលដែលយើងមានបញ្ហាប៉ុណ្ណោះឡើយ តែព្រះអង្គក៏ជាក្តីសង្ឃឹមរបស់យើង ក្នុងពេលដែលមានទុក្ខលំបាក។ ចូរយើងងាកទៅរកព្រះជាម្ចាស់ ដើម្បីស្វែងរកភាពធូរស្បើយ ព្រះអង្គគង់នៅជាមួយយើង លើកទឹកចិត្តយើង ហើយប្រទានយើង នូវក្តីអំណរ និងក្តីសង្ឃឹម។ ក្នុងការធ្វើដំណើររបស់យើង ឆ្លងកាត់ជីវិតនេះ សូមនឹកចំាពាក្យសម្តីរបស់លោក អ័គូស្ទីន(St. Augustine) ដែលបានពោលថា “ក្នុងរបួសដ៏ជ្រៅបំផុតរបស់ទូលបង្គំ ទូលបង្គំបានឃើញសិរីល្អរបស់ព្រះអង្គ ដោយចិត្តស្ងប់ស្ងែងណាស់”។ —JENNIFER BENSON SCHULDT