នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុង​ខែ​មករា ខ្ញុំ​បាន​ក្រោក​ឡើង ដោយ​ចិត្ត​រំពឹង​ថា ខ្ញុំ​នឹង​បាន​ឃើញ​ទេស​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ នៅ​ក្នុង​ពាក់​កណ្តាល​នៃ​រដូវ​រងា ដែល​បាន​ស្វាគមន៍​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ មើល​ទៅ​ទេស​ភាព​នោះ ខ្ញុំ​មិន​ឃើញ​អ្វី​ក្រៅ​ពី​ស្មៅ​ពណ៌​ត្នោត​ខ្ចី  ដែល​ផុស​ឡើង​ពី​ស្រទាប់ព្រឹល និង​ផ្ទៃ​មេឃ​ពណ៌​ប្រផេះ ព្រម​ទាំង​ដើម​ឈើ​ដែល​រុះ​ស្លឹក​អស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ចំណុច​ដែល​ខុស​ប្លែក​ ដែល​កើត​មាន​ថ្មី​ៗ​ ​ផង​ដែរ។ អាកាស​ធាតុ​ដែល​ចុះ​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ដើម​ឈើ និង​ស្មៅ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ទឹកកក​តូច​ល្អិត​ស្រួច​ៗ ដូច​គ្រីស្តាល់​។ ទេស​ភាព​ដ៏​សោះ​កក្រោះ និង​គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ ក៏​បាន​ប្រែ​ក្លាយ​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត ដោយ​ពន្លឺ​ដែល​ចាំង​ផ្លេក​ៗ នៅ​ពេល​ថ្ងៃ គួរ​ឲ្យ​ទស្សនា ដោយ​ចិត្ត​ស្ងប់​ស្ងែង។

ជួន​កាល យើង​មើល​ទៅ​បញ្ហា​របស់​យើង ដោយ​មិន​បាន​ប្រើ​សេចក្តី​ជំនឿ។ យើង​មើល​ឃើញ​តែ​ការ​ឈឺ​ចាប់ ការ​ភ័យខ្លាច​ និង​ភាព​អស់​សង្ឃឹម ដែល​ស្វាគមន៍​យើង​រៀង​រាល់​ពេល​ព្រឹក ប៉ុន្តែ យើង​បាន​មើល​រំលង​លទ្ធ​ភាព ដែល​យើង​អាច​មើលឃើញ​រឿង​ផ្សេង​ពី​នេះ។ ពេល​នោះ យើង​មើល​មិន​ឃើញ​ភាព​ធូរ​ស្បើយ ការ​លូត​លាស់ ឬ​ជ័យ​ជម្នះ តាម​រយៈ​អំណាច​ចេស្តា​របស់​ព្រះ​នោះ​ទេ។ តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា មាន​តែ​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ ដែល​អាច​ជួយ​ចម្លង​យើង ឲ្យ​ផុត​ពេល​ដ៏​ពិបាក​នោះ​បាន។  ព្រះ​អង្គ​ជួស​ជុល​ចិត្ត​ដែល​ខ្ទេច​ខ្ទាំ និង​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ចំណង។ ព្រះ​អង្គ​កម្សាន្ត​ចិត្ត​មនុស្ស​ដែល​សោក​សង្រេង ដោយ​ប្រទាន “​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ”(អេសាយ ៦១:៣)។

ព្រះ​អង្គ​មិន​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ​ឡើង​វិញ ពេល​ដែល​យើង​មាន​បញ្ហា​ប៉ុណ្ណោះ​ឡើយ ​តែ​ព្រះអង្គ​ក៏​ជា​ក្តី​សង្ឃឹម​របស់​យើង ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ចូរ​យើង​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដើម្បី​ស្វែង​រក​ភាព​ធូរស្បើយ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ហើយ​ប្រទាន​យើង នូវ​ក្តី​អំណរ និង​ក្តី​សង្ឃឹម។ ក្នុង​ការ​ធ្វើដំណើរ​របស់​យើង ឆ្លង​កាត់​ជីវិត​នេះ សូម​នឹក​ចំា​ពាក្យ​សម្តី​របស់​លោក អ័គូស្ទីន(St. Augustine) ដែល​បាន​ពោល​ថា “ក្នុង​របួស​ដ៏​ជ្រៅ​បំផុត​របស់​ទូល​បង្គំ ទូល​បង្គំ​បាន​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ ដោយ​ចិត្ត​ស្ងប់​ស្ងែង​ណាស់”។ —JENNIFER BENSON SCHULDT