ឪពុក​របស់​ម័រស៊ី(Mercy) អះ​អាង​ថា គាត់​មាន​ជំងឺ ដោយ​សារ​ត្រូវ​អំពើ​អាប​ធ្មប់។ តែ​តាម​ពិត គាត់​កើត​ជម្ងឺ​អេដស៍។ ពេល​គាត់​ស្លាប់ ម័រស៊ី​ដែល​ជា​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ម្តាយ​របស់​នាង។ ប៉ុន្តែ ម្តាយ​របស់​នាង​ក៏​មាន​ជម្ងឺ​ផង​ដែរ ហើយ​បី​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​លា​ចាក​លោក។ ចាប់​តាំង​ពី​ពេល​នោះ​មក បង​ស្រី​របស់​ម័រស៊ីក៏​បាន​ចិញ្ចឹម​បង​ប្អូន​បង្កើត​ទាំង​៥​នាក់។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ម័រស៊ី​បាន​ចាប់​ផ្តើម​សរសេរ​កំណត់​ហេតុ ​អំពី​ការឈឺ​ចាប់​ដ៏​ជ្រៅ​របស់​នាង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​ហោរា​យេរេមា ដែល​បាន​សរសេរ​កំណត់​ហេតុ​ អំពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ គាត់​បាន​កត់​ទុក​នូវ​អំពើ​ឃោរ​ឃៅ​ដែល​កង​ទ័ព​របស់​ចក្រ​ភព​បាប៊ីឡូន បាន​ធ្វើ​មក​លើជន​ជាតិ​យូដា។ ចិត្ត​របស់​លោក​យេរេមា​ក៏​បាន​សោក​សង្រេង ចំពោះ​ជន​រង​គ្រោះ​ ដែល​នៅ​ក្មេង​ជាង​គេ​ផង​ដែរ។ គឺដូច​ដែល​គាត់​បាន​ពោល​ថា “ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការបំផ្លាញ​​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង”(២:១១)។ ប្រ​ជា​ជន​យូដា​ធ្លាប់​មាន​ប្រវត្តិ​បះ​បោរ និង​មិន​អើរ​ពើរ​ចំពោះ​ព្រះ​ជាម្ចាស់ ប៉ុន្តែ កូន​ៗ​របស់​ពួក​គេ​ក៏​បាន​ទទួល​ផល​វិបាក​ផង​ដែរ។ ត្រង់​ចំណុច​នេះ លោក​យេរេមា​បាន​សរសេរ​ថា “វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ​នឹង​ស្រា​ទំពាំងបាយជូរ​នៅ​ឯ​ណា​ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ”(ខ.១២)។

គេ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​លោក​យេរេមា​មិន​បដិសេធ​ព្រះ​ជា​ម្ចាស់ នៅ​ពេល​ដែល​គាត់​រង​ទុក្ខ​វេទនា? គាត់​មិន​បានបដិសេធ​ព្រះ​អង្គ​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​ជំរុញ​អ្នក​ដែល​នៅ​រស់​ថា “​ចូរក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើរ​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង”(ខ.១៩)។

ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ យើង​ចាំ​បាច់​ត្រូវ​ចាក់​បង្ហូរ​ចិត្ត​របស់​យើង​ នៅ​ចំពោះ​ព្រះ​អម្ចាស់ គឺ​ដូច​ដែល​ម័រស៊ី និង​លោក​យេរេមា​បាន​ទូល​ថ្វាយ​នូវ​ការ​ឈឺ​ចាប់​របស់​ខ្លួន ដល់​ព្រះ​អង្គ​ផង​ដែរ។ កាល​ពោល​ពាក្យ​ទំនួញ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់របស់​ជីវិត​មនុស្ស។ ពេល​ដែល​មនុស្ស​មាន​ការ​ឈឺ​ចាប់ ព្រះ​អង្គ​ក៏​បាន​សោក​សង្រេង​ជា​មួយ​យើង​ផង​ដែរ។ ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ ដូច​នេះ​ ព្រះ​អង្គ​ក៏​សោក​សង្រេង​ផង​ដែរ។—TIM GUSTAFSON