លោក​ដាវីឌ ប្រោន(David Brown) ជា​កីឡាករ​ជន​ពិការ​របស់​អាមេរិក ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក។ គាត់​បាន​ក្លាយ​ជា​កីឡាករ​រត់​ប្រណាំង​​ពិការ​ភ្នែក ដែល​រត់​លឿន​ជាង​គេ ហើយ​ក៏​បាន​ប្រកាស់​ថា គាត់​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត ដោយ​សារ​ព្រះ​ជា​ម្ចាស់ ការ​លើក​ទឹក​ចិត្ត​របស់​ម្តាយ​គាត់(កុំ​ឲ្យ​អង្គុយ​មួយ​កន្លែង) និង​អ្នក​រត់​នាំផ្លូវ​គាត់ គឺ​លោក​យេរ៉ូម អេវើរី(Jerome Avery) ដែល​ជា​អតីតៈ​កីឡាករ​រត់​ប្រណាំង។ អ្នក​ទាំង​ពីរ​បាន​រត់​ទន្ទឹម​គ្នា ដោយ​មាន​ខ្សែ​តូច​មួយ​ចង​ភ្ជាប់​ម្រាម​ដៃ​របស់​លោក​ប្រោន ជា​មួយ​នឹង​ម្រាម​ដៃ​របស់​លោក​យេរ៉ូម ហើយ​លោក​យេរ៉ូម​ក៏​បាន​នាំ​ផ្លូវ​លោក​ប្រោន រហូត​ដល់​បាន​ទទួល​ជ័យ​ជម្នះ ដោយ​ប្រើ​ពាក្យ​សម្តី និង​ការ​ប៉ះ​ដៃ។​

លោក​ប្រោន​បាន​និយាយ​ថា កិច្ចការ​សំខាន់​បំផុត​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវ​ស្តាប់​សម្លេង​របស់​លោក​យេរ៉ូម ពុំ​នោះ​ទេ គាត់​មុខ​ជា​រត់​ចេញ​ពី​ផ្លូវ​កោង ដែល​មាន​ចម្ងាយ​២០០​ម៉ែត្រ​នោះ ដោយ​មិន​ដឹង​ខ្លួន។ លោក​ប្រោន​បាន​និយាយ​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ អ្នក​ទាំង​ពីរ​បាន​សាក​ល្បង​យុទ្ធ​សាស្រ្ត​រត់​ប្រណាំង​ជា​ច្រើន ដោយ​ទំនាក់​ទំនង​គ្នា តាម​រយៈ​ការ​និយាយ ​និង​ការ​ប៉ះ​គ្នា។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​ក៏​កំពុង​តែ​រត់​ប្រណាំង​ផង​ដែរ ដោយ​យើង​មាន​ពរ​ណាស់ ដែល​មាន​ព្រះ​ជា​ម្ចាស់ ធ្វើជា​អ្នក​នាំ​ផ្លូវ​យើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​ជំនួយ​របស់​យើង ដឹក​នាំ​យើង​គ្រប់​ជំហាន ពេល​ដែល​យើង​អនុញ្ញាតឲ្យ​ព្រះ​អង្គ​នាំ​ផ្លូវ​យើង។ បទ​គម្ពីរ ១យ៉ូហាន ២:២៦-២៧ បាន​ចែង​ថា “​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ​ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្តី​កំភូត​ទេ គឺ​ជា​សេចក្តី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក”។

ត្រង់​ចំណុច​នេះ លោក​យ៉ូហាន​បាន​ដាស់​តឿន​អ្នក​ជឿ​ព្រះ នៅ​សម័យ​មុន ដែល​កំពុង​តែ​ជួប “ពួក​ទទឹង​ព្រះគ្រីស្ទ” ដែល​បាន​បដិសេធ​ព្រះ​វរបិតា និង​បដិសេធ​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​មែស៊ី(ខ.២២)។ សព្វ​ថ្ងៃ​នេះ យើង​ក៏​ជួបមនុស្ស​ដែល​បដិសេធ​យ៉ាង​ដូច​នេះ​ផង​ដែរ។ ប៉ុន្តែ ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​អ្នក​នាំ​ផ្លូវ​យើង កំពុង​តែ​ដឹក​នាំ​យើង​ ឲ្យ​ដើរ​តាម​ព្រះ​យេស៊ូវ។ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង ដោយ​ពាល់​យើង​ជាមួយ​​សេចក្តី​ពិត និង​ជួយ​យើងឲ្យ​បន្ត​រត់​តាម​ផ្លូវ​ត្រូវ។—PATRICIA RAYBON