ឪពុករបស់ម័រស៊ី(Mercy) អះអាងថា គាត់មានជំងឺ ដោយសារត្រូវអំពើអាបធ្មប់។ តែតាមពិត គាត់កើតជម្ងឺអេដស៍។ ពេលគាត់ស្លាប់ ម័រស៊ីដែលជាក្មេងស្រីអាយុ១០ឆ្នាំ កាន់តែមានភាពជិតស្និទ្ធជាមួយម្តាយរបស់នាង។ ប៉ុន្តែ ម្តាយរបស់នាងក៏មានជម្ងឺផងដែរ ហើយបីឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក។ ចាប់តាំងពីពេលនោះមក បងស្រីរបស់ម័រស៊ីក៏បានចិញ្ចឹមបងប្អូនបង្កើតទាំង៥នាក់។ គឺនៅពេលនោះហើយ ដែលម័រស៊ីបានចាប់ផ្តើមសរសេរកំណត់ហេតុ អំពីការឈឺចាប់ដ៏ជ្រៅរបស់នាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់ហោរាយេរេមា ដែលបានសរសេរកំណត់ហេតុ អំពីការឈឺចាប់របស់ខ្លួនផងដែរ។ នៅក្នុងកណ្ឌគម្ពីរបរិទេវ គាត់បានកត់ទុកនូវអំពើឃោរឃៅដែលកងទ័ពរបស់ចក្រភពបាប៊ីឡូន បានធ្វើមកលើជនជាតិយូដា។ ចិត្តរបស់លោកយេរេមាក៏បានសោកសង្រេង ចំពោះជនរងគ្រោះ ដែលនៅក្មេងជាងគេផងដែរ។ គឺដូចដែលគាត់បានពោលថា “ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង”(២:១១)។ ប្រជាជនយូដាធ្លាប់មានប្រវត្តិបះបោរ និងមិនអើរពើរចំពោះព្រះជាម្ចាស់ ប៉ុន្តែ កូនៗរបស់ពួកគេក៏បានទទួលផលវិបាកផងដែរ។ ត្រង់ចំណុចនេះ លោកយេរេមាបានសរសេរថា “វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណាក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ”(ខ.១២)។
គេប្រហែលជាឆ្ងល់ថា ហេតុអ្វីលោកយេរេមាមិនបដិសេធព្រះជាម្ចាស់ នៅពេលដែលគាត់រងទុក្ខវេទនា? គាត់មិនបានបដិសេធព្រះអង្គឡើយ ផ្ទុយទៅវិញ គាត់បានជំរុញអ្នកដែលនៅរស់ថា “ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើរយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង”(ខ.១៩)។
ពេលដែលយើងមានការឈឺចាប់ យើងចាំបាច់ត្រូវចាក់បង្ហូរចិត្តរបស់យើង នៅចំពោះព្រះអម្ចាស់ គឺដូចដែលម័រស៊ី និងលោកយេរេមាបានទូលថ្វាយនូវការឈឺចាប់របស់ខ្លួន ដល់ព្រះអង្គផងដែរ។ កាលពោលពាក្យទំនួញ គឺជាផ្នែកដ៏សំខាន់របស់ជីវិតមនុស្ស។ ពេលដែលមនុស្សមានការឈឺចាប់ ព្រះអង្គក៏បានសោកសង្រេងជាមួយយើងផងដែរ។ ព្រះអង្គបានបង្កើតយើងមកឲ្យមានរូបភាពដូចព្រះអង្គ ដូចនេះ ព្រះអង្គក៏សោកសង្រេងផងដែរ។—TIM GUSTAFSON