កាល​ពី​ឆ្នាំ​១៩៩៤ ក្នុង​រយៈ​ពេល​តែ​២​ខែ​សោះ ជន​ជាតិ​ទូត​ស៊ី​មួយ​លាន​នាក់ ត្រូវ​ជន​ជាតិ​ហ៊ូទូ​សម្លាប់​រង្គាល​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ នៅ​ប្រទេស​រវ៉ាន់ដា។ បន្ទាប់​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​បាន​បញ្ចប់ លោក​អភិបាល ចូហ្វ្រ៊ី រវូប៊ូស៊ីស៊ី(Geoffrey Rwubusisi) លើក​ទឹក​ចិត្ត​អ្នក​ស្រី​ម៉ារី ដែល​ជា​ភរិយា ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​ស្រ្តី ដែល​បាន​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ អ្នក​ស្រី​ម៉ារី ក៏​បាន​ឆ្លើយ​តប​ថា ក្រៅ​ពី​យំ គាត់​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ គាត់​ក៏​បាន​បាត់​បង់​សមាជិក​គ្រួសារ​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ដ៏​ឆ្លាត​វ័យ និង​ជា​ស្វាមី​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភរិយា លោក​អភិបាល​ក៏បាន​ប្រាប់​ភរិយា​គាត់ ឲ្យ​ទៅ​នាំ​ស្រ្តី​ទាំង​ឡាយ មក​ជួប​ជុំ​គ្នា ហើយ​យំ​ជា​មួយ​ពួក​គេ។ គាត់​ដឹង​ថា ការ​ឈឺ​ចាប់​បាន​ជួយ​ឲ្យ​ភរិយា​គាត់ ត្រៀម​ខ្លួន ដើម្បី​រំលែក​ទុក្ខ​អ្នក​ដទៃ។

ពួក​ជំនុំ​គឺ​ជា​គ្រួសារ​របស់​ព្រះ ជា​កន្លែង​សម្រាប់​ចែក​រំលែក​ទុក្ខ ក៏​ដូច​ជា​ចែក​រំលែក​ក្តី​អំណរ ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រើ​ពាក្យ “ទៅ​វិញ​ទៅ​មក” ដើម្បី​និយាយ​សង្កត់​ធ្ងន់​ អំពី​ការ​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្តូរ​ផ្តាច់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ គោរព​អ្នក​ដទៃ ឲ្យ​លើស​ខ្លួន​ឯង … រស់​នៅ​ដោយ​សុខដុម​ជា​មួយ​គ្នា”(រ៉ូម ១២:១០,១៦)។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​រឹត​ចំណង​ទាក់​ទង​ឲ្យ​កាន់​តែ​ខ្លាំង ដោយ “អរសប្បាយ​ជា​មួយ​អ្នក​ដែល​អរសប្បាយ ហើយ​កើត​ទុក្ខ​ជា​មួយ​អ្នក​កើត​ទុក្ខ”(ខ.១៥)។

ជម្រៅ និង​ទំហំនៃ​ការ​ឈឺ​ចាប់​របស់​យើង ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ​ដូច​អ្នក ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​ប្រល័យ​ពូជ​សាសន៍​ឡើយ តែ​វា​ជា​ការ​ឈឺ​ចាប់​ផ្ទាល់​ខ្លួន ហើយ​ជា​រឿង​ពិត​របស់​យើង។ ដោយសារ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​អាច​រំលែក​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ ដើម្បី​លើក​ទឹក​ចិត្ត និង​ដើម្បី​ប្រយោជន៍​របស់​ពួក​គេ។ —ARTHUR JACKSON