កាលពីឆ្នាំ១៩៩៤ ក្នុងរយៈពេលតែ២ខែសោះ ជនជាតិទូតស៊ីមួយលាននាក់ ត្រូវជនជាតិហ៊ូទូសម្លាប់រង្គាលយ៉ាងសាហាវព្រៃផ្សៃ នៅប្រទេសរវ៉ាន់ដា។ បន្ទាប់ពីអំពើប្រល័យពូជសាសន៍នេះបានបញ្ចប់ លោកអភិបាល ចូហ្វ្រ៊ី រវូប៊ូស៊ីស៊ី(Geoffrey Rwubusisi) លើកទឹកចិត្តអ្នកស្រីម៉ារី ដែលជាភរិយា ឲ្យទៅសួរសុខទុក្ខស្រ្តី ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកស្រីម៉ារី ក៏បានឆ្លើយតបថា ក្រៅពីយំ គាត់មិនចង់ធ្វើអ្វីទាំងអស់។ គាត់ក៏បានបាត់បង់សមាជិកគ្រួសារផងដែរ។ ក្នុងនាមជាអ្នកដឹកនាំដ៏ឆ្លាតវ័យ និងជាស្វាមីដែលយកចិត្តទុកដាក់ចំពោះភរិយា លោកអភិបាលក៏បានប្រាប់ភរិយាគាត់ ឲ្យទៅនាំស្រ្តីទាំងឡាយ មកជួបជុំគ្នា ហើយយំជាមួយពួកគេ។ គាត់ដឹងថា ការឈឺចាប់បានជួយឲ្យភរិយាគាត់ ត្រៀមខ្លួន ដើម្បីរំលែកទុក្ខអ្នកដទៃ។
ពួកជំនុំគឺជាគ្រួសាររបស់ព្រះ ជាកន្លែងសម្រាប់ចែករំលែកទុក្ខ ក៏ដូចជាចែករំលែកក្តីអំណរ ដល់គ្នាទៅវិញទៅមក។ ព្រះគម្ពីរសញ្ញាថ្មីបានប្រើពាក្យ “ទៅវិញទៅមក” ដើម្បីនិយាយសង្កត់ធ្ងន់ អំពីការពឹងផ្អែកលើគ្នាទៅវិញទៅមក។ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ គោរពអ្នកដទៃ ឲ្យលើសខ្លួនឯង … រស់នៅដោយសុខដុមជាមួយគ្នា”(រ៉ូម ១២:១០,១៦)។ ជាងនេះទៅទៀត យើងត្រូវរឹតចំណងទាក់ទងឲ្យកាន់តែខ្លាំង ដោយ “អរសប្បាយជាមួយអ្នកដែលអរសប្បាយ ហើយកើតទុក្ខជាមួយអ្នកកើតទុក្ខ”(ខ.១៥)។
ជម្រៅ និងទំហំនៃការឈឺចាប់របស់យើង ប្រហែលជាមិនធ្ងន់ធ្ងរដូចអ្នក ដែលរងគ្រោះដោយសារអំពើប្រល័យពូជសាសន៍ឡើយ តែវាជាការឈឺចាប់ផ្ទាល់ខ្លួន ហើយជារឿងពិតរបស់យើង។ ដោយសារការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង នោះយើងអាចរំលែកទុក្ខលំបាករបស់អ្នកដទៃ ដើម្បីលើកទឹកចិត្ត និងដើម្បីប្រយោជន៍របស់ពួកគេ។ —ARTHUR JACKSON