នៅ​សតវត្សរ៍​ទី​១៧ លោក​អ៊ីសាក់ ញូតុន(Isaac Newton)បាន​ប្រើ​កញ្ចក់​ព្រីស ដើម្បី​សិក្សា​អំពី​របៀប​ដែល​ពន្លឺ​បានជួយ​ឲ្យ​យើង​មើល​ឃើញ​ពណ៌​ខុស​ៗ​គ្នា។ គាត់​បាន​រក​ឃើញ​ថា ពេល​ដែល​ពន្លឺ​ឆ្លង​កាត់​វត្ថុ​ណា​មួយ  វត្ថុ​នោះ​ហាក់​ដូច​ជា​មាន​ពណ៌​ដ៏​ជាក់​លាក់​មួយ។ តែ​តាម​ពិត ព្រឹល​ដែល​មាន​ពណ៌​សរក្បុះ បាន​កើត​ឡើង​ពី​ដុំ​គ្រីស្តាល់​ទឹកកក​តូច​ល្អិត​ជា​ច្រើន​ផ្តុំ​ចូល​គ្នា ដែល​សុទ្ធ​តែ​មាន​ពណ៌​ស្រអាប់។ ពេល​ដែល​ពន្លឺ​បាន​ឆ្លង​កាត់​ដុំ​គ្រីស្តាល់​ទឹកកក​ទាំង​អស់​នោះ ​យើងឃើញ​ថា ដុំ​ព្រឹល​ហាក់​ដូច​ជា​មាន​ពណ៌​ស​ក្បុស។

ព្រះ​គម្ពីរ​បាន​ចែង​អំពី​អំពើ​បាប​របស់​មនុស្ស ដោយ​និយាយ​អំពី​ពណ៌​របស់​វា​ផង​ដែរ។ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប​របស់​ប្រជាជន​យូដា ហើយ​បាន​ប្រាប់​ពួក​គេ​ថា អំពើ​បាប​របស់​ពួក​គេ​មាន​ពណ៌​ក្រហម​ទែង​ហើយ។ ប៉ុន្តែ ព្រះ​អង្គ​បាន​សន្យា​ថា​ អំពើ​បាប​របស់​ពួក​គេ​នឹង​បាន​ស​ដូច​ហិមៈ​ ឬ​ព្រិល​(អេសាយ ១:១៨)។ តើ​ប្រែ​ជា​ស​ដូច​ហិមៈ ដោយ​របៀប​ណា? ប្រជា​ជន​យូដា​ចាំ​បាច់​ត្រូវ​ងាក​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ហើយ​ស្វែង​រក​ការ​អត់​ទោស​បាប​ពី​ព្រះ​ជា​ម្ចាស់។

ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ចូល​ទៅ​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ​ជា​ម្ចាស់ នៅ​ពេល​ណា​ក៏​បាន។ ព្រះយេស៊ូវ​បាន​ហៅ​ព្រះ​អង្គ​ទ្រង់​ថា “ពន្លឺ​នៃ​លោកិយ” ហើយ​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​ដើរ​តាម​ព្រះ​អង្គ “មិន​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​របស់​យើង ព្រះ​ជាម្ចាស់​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​ពន្លឺ​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ក៏​បាន​ចាំង​មក​កាត់​វិញ្ញាណ​យើង។ បាន​សេចក្តី​ថា ព្រះ​ជា​ម្ចាស់​ទត​ឃើញ​យើង ដូច​ដែល​ព្រះ​អង្គ​ទត​ឃើញ​ព្រះ​យេស៊ូវ គឺ​ល្អ​ឥត​កន្លែង​បន្ទោស​បាន។

យើង​មិន​ចាំ​បាច់​ត្រូវ​នៅ​ជាប់​ក្នុង​កំហុស និង​ក្តី​អាម៉ាស់ ដោយសារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត​នៃ​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​យើង “ស​ដូច​ហិមៈ”។—LINDA WASHINGTON