នៅសតវត្សរ៍ទី១៧ លោកអ៊ីសាក់ ញូតុន(Isaac Newton)បានប្រើកញ្ចក់ព្រីស ដើម្បីសិក្សាអំពីរបៀបដែលពន្លឺបានជួយឲ្យយើងមើលឃើញពណ៌ខុសៗគ្នា។ គាត់បានរកឃើញថា ពេលដែលពន្លឺឆ្លងកាត់វត្ថុណាមួយ វត្ថុនោះហាក់ដូចជាមានពណ៌ដ៏ជាក់លាក់មួយ។ តែតាមពិត ព្រឹលដែលមានពណ៌សរក្បុះ បានកើតឡើងពីដុំគ្រីស្តាល់ទឹកកកតូចល្អិតជាច្រើនផ្តុំចូលគ្នា ដែលសុទ្ធតែមានពណ៌ស្រអាប់។ ពេលដែលពន្លឺបានឆ្លងកាត់ដុំគ្រីស្តាល់ទឹកកកទាំងអស់នោះ យើងឃើញថា ដុំព្រឹលហាក់ដូចជាមានពណ៌សក្បុស។
ព្រះគម្ពីរបានចែងអំពីអំពើបាបរបស់មនុស្ស ដោយនិយាយអំពីពណ៌របស់វាផងដែរ។ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីប្រឈមមុខដោះស្រាយបញ្ហានៃអំពើបាបរបស់ប្រជាជនយូដា ហើយបានប្រាប់ពួកគេថា អំពើបាបរបស់ពួកគេមានពណ៌ក្រហមទែងហើយ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា អំពើបាបរបស់ពួកគេនឹងបានសដូចហិមៈ ឬព្រិល(អេសាយ ១:១៨)។ តើប្រែជាសដូចហិមៈ ដោយរបៀបណា? ប្រជាជនយូដាចាំបាច់ត្រូវងាកចេញពីអំពើបាបរបស់ខ្លួន ហើយស្វែងរកការអត់ទោសបាបពីព្រះជាម្ចាស់។
ដោយសារព្រះយេស៊ូវ នោះយើងអាចចូលទៅទទួលការអត់ទោសបាបពីព្រះជាម្ចាស់ នៅពេលណាក៏បាន។ ព្រះយេស៊ូវបានហៅព្រះអង្គទ្រង់ថា “ពន្លឺនៃលោកិយ” ហើយមានបន្ទូលថា អស់អ្នកណាដែលដើរតាមព្រះអង្គ “មិនដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ ពេលណាយើងសារភាពអំពើបាបរបស់យើង ព្រះជាម្ចាស់នឹងអត់ទោសបាបឲ្យយើង ហើយពន្លឺរបស់ព្រះគ្រីស្ទដែលបានសុគតនៅលើឈើឆ្កាង ក៏បានចាំងមកកាត់វិញ្ញាណយើង។ បានសេចក្តីថា ព្រះជាម្ចាស់ទតឃើញយើង ដូចដែលព្រះអង្គទតឃើញព្រះយេស៊ូវ គឺល្អឥតកន្លែងបន្ទោសបាន។
យើងមិនចាំបាច់ត្រូវនៅជាប់ក្នុងកំហុស និងក្តីអាម៉ាស់ ដោយសារការអ្វីដែលយើងបានធ្វើនោះឡើយ។ ផ្ទុយទៅវិញ យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតនៃការអត់ទោសបាបរបស់ព្រះ ដែលធ្វើឲ្យយើង “សដូចហិមៈ”។—LINDA WASHINGTON