ពេលដែលលោកម៉ាទីន លែដ(Martin Laird) ដែលជាអ្នកនិពន្ធចេញដើរលេង គាត់បានជួបបុរសម្នាក់ ដែលមានឆ្កែរពូជប្រម៉ាញ់ Blue Terriers បួនក្បាល។ ក្នុងចំណោមឆ្កែទំាងនោះ ឆ្កែបីក្បាលកំពុងតែរត់ចុះឡើង ដោយសេរីនៅក្នុងទីធ្លា តែឆ្កែមួយក្បាលទៀតចេះតែរត់ជុំវិញ ជារង្វង់តូចៗតែម្នាក់ឯង នៅកន្លែងដដែល នៅក្បែរម្ចាស់វា។ ទីបំផុត លោកលែដក៏បានសួរបុរសនោះ អំពីអត្តចរិកដ៏ចម្លែករបស់ឆ្កែនោះ។ បុរសនោះក៏បានពន្យល់គាត់ថា វាជាសត្វឆ្កែដែលគេបានរំដោះ ពីកន្លែងដែលគេបានឃុំឃាំងវានៅក្នុងទ្រុងអស់ជាច្រើនឆ្នាំ។ សត្វឆ្កែនោះបានបន្តរត់ជុំវិញជារង្វង់ដូចនេះ ដោយសារវាធ្លាប់តែរត់ជារង្វង់នៅក្នុងទ្រុងអស់ជាច្រើនឆ្នាំ។
ព្រះគម្ពីរបានបង្ហាញថា ពេលណាយើងជាប់អន្ទាក់ ដោយគ្មានក្តីសង្ឃឹម គឺមានតែព្រះជាម្ចាស់ទេ ដែលអាចជួយរំដោះយើងបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ចំណងនៃសេចក្តីស្លាប់បានរុំជុំវិញទូលបង្គំ ហើយជំនន់នៃសេចក្តីទុច្ចរិតបានបំភ័យទូលបង្គំ ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ
អន្ទាក់នៃសេចក្តីស្លាប់បានទាក់ទូលបង្គំ (ទំនុកដំកើង ១៨:៤-៥)។ ពេលដែលគាត់ស្ថិតក្នុងភាពទាល់ច្រក គាត់ក៏បានអំពាវនាវឲ្យព្រះជាម្ចាស់ជួយ(ខ.៦)។ ហើយព្រះអង្គក៏បានចុះពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់គាត់ចេញពីទឹកធំនោះ។
ព្រះជាម្ចាស់ក៏អាចធ្វើដូចនេះ សម្រាប់យើងផងដែរ។ ព្រះអង្គអាចវាយបំបាក់ច្រវ៉ាក់ និងរំដោះយើង ឲ្យរួចពីទ្រុងដែលកំពុងតែឃុំឃាំងយើង។ ព្រះអង្គអាចរំដោះយើង ហើយនាំយើងចេញទៅទីធំទូលាយ(ខ.១៩)។ ពិតជាគួរឲ្យសោកស្តាយណាស់ បើយើងនៅតែបន្តរស់នៅ ដូចមនុស្សដែលកំពុងតែជាប់នៅក្នុងទ្រុងទៀតនោះ។ ដោយកម្លាំងរបស់ព្រះអង្គ ចូរយើងកុំមានការភ័យខ្លាច ក្តីអាម៉ាស់ ឬការគាបសង្កត់នោះឡើយ។ ព្រះអង្គបានរំដោះយើង ឲ្យរួចពីទ្រុងនៃសេចក្តីស្លាប់ហើយ។ ដូចនេះ យើងអាចរត់លេងនៅខាងក្រៅទ្រុង ដោយសេរី។—WINN COLLIER