កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ បាន​ទៅ​បោះ​ជំរុំ​ពីរ​បី​ថ្ងៃ នៅ​វាល​រហោស្ថាន សេល​វេយ ប៊ីធ័ររូត នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​អ៊ីដាហូ។ នៅ​ទីនោះ​ជា​តំបន់​ដែល​មាន​សត្វ​ខ្លា​ឃ្មុំ​រស់​នៅ តែ​យើង​បាន​យក​ថ្នាំ​សម្រាប់​បាញ់​សត្វ​ខ្លា​ឃ្មុំ និង​សម្អាត​កន្លែង​បោះ​ជំរុំ​របស់​យើង ហើយ​យើង​មិន​រំពឹង​ថា នឹង​ជួប​សត្វ​ខ្លា​ឃ្មុំ​គ្រីសលី​ឡើយ។​

នៅ​ពេល​យប់​មួយ នៅ​ពាក់​កណ្តាល​អាធ្រាត ខ្ញុំ​បាន​ឮ​សម្លេង​រេនឌី​កំពុង​តែ​រើ​បម្រះ​ចុះ​ឡើង  ដើម្បី​ចេញ​ពី​ភួយ​របស់​គាត់​។ ខ្ញុំ​ក៏​បាន​យក​ពិល​របស់​ខ្ញុំ​មក​ឈួល​មើល ដោយ​គិត​ថា គាត់​ប្រហែល​ជា​កំពុង​តែ​ស្ថិត​ក្នុង​ក្រញាំ​របស់​សត្វ​ខ្លា​ឃ្មុំ ដែល​កំពុង​តែ​បញ្ចេញ​ភាព​កាច​សាហាវ​របស់​វា។

ពេល​នោះ ខ្ញុំ​ក៏​បាន​ឃើញ​សត្វ​កណ្តុរ​វាល​មួយ​ក្បាល មាន​កម្ពស់​ប្រហែល​មួយ​ទឹក​កន្លះ កំពុង​តែ​អង្គុយ​ត្រង់​ខ្លួន​ឡើងលើ គ្រវី​ក្រញាំ​របស់​វា។ វា​បាន​ខាំ​មួក​របស់​រេនឌី​ជាប់​យ៉ាង​មាំ នឹង​ធ្មេញ​របស់​វា។ សត្វ​ដ៏​តូច​ល្អិត​នេះ​បាន​ខាំ​ទាញ​មួករបស់​រេនឌី របូត​ចេញ​ពី​ក្បាល​គាត់។  ពេល​ខ្ញុំ​អស់​សំណើច សត្វ​កណ្តុរ​ក៏​បាន​ទម្លាក់​មួក​គាត់​ចុះ ហើយ​ក៏​បាន​រត់​ទៅ​បាត់​។ យើង​ក៏​បាន​ចូល​គេង នៅ​ក្នុង​ភួយ​យើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ភ្ញាក់​ផ្អើល​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​គេង​លក់​ឡើង​វិញ​ ហើយ​ខ្ញុំ​ក៏​បាន​គិត​អំពី​អារក្ស​សាតាំង ដែល​តែង​តែ​ក្រវែល​យើង​ជា​និច្ច។

សូម​យើង​គិត អំពី​ពេល​ដែល​សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូវ(ម៉ាថាយ ៤:១-១១)។ ព្រះ​អង្គ​បាន​ឆ្លើយ​តប ចំពោះ​មេល្បួង ដោយ​ប្រើ​ខគម្ពីរ។ ព្រះ​អង្គ​បាន​ឆ្លើយ​តប ដោយ​នឹក​ចាំ​ថា ព្រះ​វរបិតា​បាន​មាន​បន្ទូល​អំពី​បញ្ហា​នេះ ក្នុងព្រះ​គម្ពីរ ដូច​នេះ ព្រះ​អង្គ​នៅ​តែ​ស្តាប់​បង្គាប់​ព្រះ​វរបិតា​ជា​និច្ច។ ពេល​នោះ អារក្ស​ក៏​បាន​រត់​គេច​ចេញ​ពី​ព្រះ​អង្គ។

សា​តាំង​តែង​តែ​ចង់​លេប​ត្របាក់​យើង តែ​យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា វា​ក៏​ជា​ស្នា​ព្រះហស្ត​ដែល​ព្រះ​បាន​បង្កើត ដូច​ជា​សត្វ​កណ្តុរ​ដ៏​តូច​ល្អិត​នោះ​ដែរ។ លោក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង”(១យ៉ូហាន ៤:៤)។ —DAVID H. ROPER