កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសខ្ញុំ បានទៅបោះជំរុំពីរបីថ្ងៃ នៅវាលរហោស្ថាន សេលវេយ ប៊ីធ័ររូត នៅភាគខាងជើងនៃរដ្ឋអ៊ីដាហូ។ នៅទីនោះជាតំបន់ដែលមានសត្វខ្លាឃ្មុំរស់នៅ តែយើងបានយកថ្នាំសម្រាប់បាញ់សត្វខ្លាឃ្មុំ និងសម្អាតកន្លែងបោះជំរុំរបស់យើង ហើយយើងមិនរំពឹងថា នឹងជួបសត្វខ្លាឃ្មុំគ្រីសលីឡើយ។
នៅពេលយប់មួយ នៅពាក់កណ្តាលអាធ្រាត ខ្ញុំបានឮសម្លេងរេនឌីកំពុងតែរើបម្រះចុះឡើង ដើម្បីចេញពីភួយរបស់គាត់។ ខ្ញុំក៏បានយកពិលរបស់ខ្ញុំមកឈួលមើល ដោយគិតថា គាត់ប្រហែលជាកំពុងតែស្ថិតក្នុងក្រញាំរបស់សត្វខ្លាឃ្មុំ ដែលកំពុងតែបញ្ចេញភាពកាចសាហាវរបស់វា។
ពេលនោះ ខ្ញុំក៏បានឃើញសត្វកណ្តុរវាលមួយក្បាល មានកម្ពស់ប្រហែលមួយទឹកកន្លះ កំពុងតែអង្គុយត្រង់ខ្លួនឡើងលើ គ្រវីក្រញាំរបស់វា។ វាបានខាំមួករបស់រេនឌីជាប់យ៉ាងមាំ នឹងធ្មេញរបស់វា។ សត្វដ៏តូចល្អិតនេះបានខាំទាញមួករបស់រេនឌី របូតចេញពីក្បាលគាត់។ ពេលខ្ញុំអស់សំណើច សត្វកណ្តុរក៏បានទម្លាក់មួកគាត់ចុះ ហើយក៏បានរត់ទៅបាត់។ យើងក៏បានចូលគេង នៅក្នុងភួយយើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ការភ្ញាក់ផ្អើលនេះ បានធ្វើឲ្យខ្ញុំមិនអាចគេងលក់ឡើងវិញ ហើយខ្ញុំក៏បានគិតអំពីអារក្សសាតាំង ដែលតែងតែក្រវែលយើងជានិច្ច។
សូមយើងគិត អំពីពេលដែលសាតាំងបានល្បួងព្រះយេស៊ូវ(ម៉ាថាយ ៤:១-១១)។ ព្រះអង្គបានឆ្លើយតប ចំពោះមេល្បួង ដោយប្រើខគម្ពីរ។ ព្រះអង្គបានឆ្លើយតប ដោយនឹកចាំថា ព្រះវរបិតាបានមានបន្ទូលអំពីបញ្ហានេះ ក្នុងព្រះគម្ពីរ ដូចនេះ ព្រះអង្គនៅតែស្តាប់បង្គាប់ព្រះវរបិតាជានិច្ច។ ពេលនោះ អារក្សក៏បានរត់គេចចេញពីព្រះអង្គ។
សាតាំងតែងតែចង់លេបត្របាក់យើង តែយើងចាំបាច់ត្រូវចាំថា វាក៏ជាស្នាព្រះហស្តដែលព្រះបានបង្កើត ដូចជាសត្វកណ្តុរដ៏តូចល្អិតនោះដែរ។ លោកយ៉ូហានបានមានប្រសាសន៍ថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង”(១យ៉ូហាន ៤:៤)។ —DAVID H. ROPER