សព្វថ្ងៃនេះ លោកជែហ្វ(Geoff) ជាគ្រូគង្វាលយុវជន នៅក្នុងទីក្រុង ដែលគាត់ធ្លាប់ញៀនថ្នាំ កាលពីមុន។ ព្រះជាម្ចាស់បានកែប្រែចិត្ត និងកាលៈទេសៈរបស់គាត់ តាមរបៀបដ៏គួរឲ្យចាប់អារម្មណ៍។ គាត់ថា គាត់ចង់ជួយការពារក្មេងៗ កុំឲ្យប្រព្រឹត្តខុស និងជួបការឈឺចាប់ ដែលគាត់ធ្លាប់ឆ្លងកាត់ ហើយព្រះយេស៊ូវនឹងជួយពួកគេជាប្រាកដ។ កាលពីមុន ព្រះជាម្ចាស់បានរំដោះគាត់ឲ្យរួចពីភាពជាទាសករនៃថ្នាំញៀន ហើយពេលនេះព្រះអង្គបានប្រទានកិច្ចការដ៏សំខាន់ឲ្យគាត់ធ្វើ ទោះគាត់មានប្រវត្តិយ៉ាងដូចម្តេចក៏ដោយ។
ពេលដែលក្តីសង្ឃឹមហាក់ដូចជារលាយអស់ ព្រះជាម្ចាស់អាចនាំការល្អចេញពីស្ថានភាពដ៏អាក្រក់ តាមរបៀបដែលយើងមិននឹកស្មានដល់។ គេបានលក់លោកយ៉ូសែប ឲ្យធ្វើជាទាសករនៅនគរអេស៊ីព្ទ ហើយក្រោយមក គេក៏បានចោទបង្ខូចគាត់ ហើយចាប់គាត់ដាក់គុក។ គាត់បានជាប់គុកអស់ជាច្រើនឆ្នាំ ដោយមិនមាននរណាម្នាក់នឹកចាំពីគាត់។ ប៉ុន្តែ ព្រះជាម្ចាស់បានលើកគាត់ឡើងវិញ ហើយដាក់គាត់នៅក្នុងមុខតំណែងដ៏មានអំណាច បន្ទាប់ពីស្តេចផារ៉ោន ដែលនៅទីនោះ គាត់អាចជួយសង្រ្គោះជីវិតមនុស្សជាច្រើន រាប់បញ្ចូលទាំងបងប្អូន ដែលបានបោះបង់ចោលគាត់ផងដែរ។ នៅនគរអេស៊ីព្ទ លោកយ៉ូសែបក៏បានរៀបការ ហើយមានកូន។ គាត់បានដាក់ឈ្មោះឲ្យកូនទីពីររបស់គាត់ថា អេប្រាអឹម(ជាភាសាហេព្រើរមានន័យថា “មានផលផ្លែទ្វេរជាពីរ”) ហើយគាត់ក៏បានប្រាប់ថា មូលហេតុដែលគាត់បានដាក់ឈ្មោះឲ្យកូនដូចនេះ គឺដោយសារព្រះជាម្ចាស់បានប្រទានឲ្យគាត់មានកូន ក្នុងស្រុកដែលគាត់ជួបទុក្ខលំបាក(លោកុប្បត្តិ ៤១:៥២)។
រឿងរបស់លោកជែហ្វ និងលោកយ៉ូសែប កើតក្នុងសម័យខុសគ្នាប្រហែលបី ទៅបួនពាន់ឆ្នាំ តែបាននាំយើងងាកទៅរកសេចក្តីពិតដែលមិនចេះប្រែប្រួល គឺសេចក្តីពិតដែលថា កន្លែងដែលពិបាកបំផុតក្នុងជីវិតយើង អាចជាកន្លែងដែលមានជីវជាតិ សម្រាប់ឲ្យព្រះជាម្ចាស់ជួយ និងប្រទានពរដល់មនុស្សជាច្រើន។ សេចក្តីស្រឡាញ់ និងអំណាចរបស់ព្រះអង្គសង្រ្គោះនៃយើង មិនដែលផ្លាស់ប្តូរឡើយ ហើយព្រះអង្គតែងតែស្មោះត្រង់ ចំពោះអ្នកដែលទុកចិត្តព្រះអង្គជានិច្ច។—JAMES BANKS