លោក ស៊ី អេស លូអ៊ីស(C. S. Lewis) ជា​អ្នក​និពន្ធ​រឿង ពង្សាវតា​នៃ​នគរ​ណានា : ស្តេច​តោ មេ​ធ្មប់ និង​ទូខោអាវ​ ។ ក្នុង​រឿង​នេះ បណ្តា​ជន​ទាំង​អស់ នៅ​នគរ​ណានា​មាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង ពេល​ដែល​អាស្លាន​(Aslan) ដែល​ជា​ស្តេច​តោ​ដ៏​មាន​អំណាច បាន​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី បន្ទាប់​ពី​បាន​អវត្ត​មាន​អស់​ពេល​ជា​យូរ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ក្តី​អំណរ​របស់​ពួក​គេ ក៏​បាន​ប្រែ​ក្លាយ​ជា​ទុក្ខ​ព្រួយ ពេល​ដែល​អាស្លាន​ចុះ​ចាញ់ តាម​ការ​ទាម​ទា​របស់​មេធ្មប់ស ដែល​ជា​តួ​ចិត្ត​អាក្រក់។ គេ​គិត​ថា អាស្លាន​បរាជ័យ​ហើយ តែ​មិន​យូរ​ប៉ុន្មាន​ពួក​គេ​ក៏​បាន​ស្គាល់​ឫទ្ធានុភាព​របស់​គាត់ ពេល​ដែល​គាត់​គ្រហឹម​ដោយ​សម្លេង​ដែល​លាន់​ឮ​ខ្លាំង​ស្ទើរ​បែក​ក្រដាស់​ត្រចៀក ធ្វើ​ឲ្យ​មេធ្មប់​នោះ​រត់​គេច ដោយ​ភាព​តក់​ស្លត់។ ទោះ​អ្វី​ៗ​ហាក់​ដូច​ជា​បាត់​បង់​ទៅ​ហើយ​ក្តី ទី​បំផុត​ អាស្លាន​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា គាត់​មាន​ឫទ្ធ​អំណាច​ខ្លាំង​ជាង​មេធ្មប់​កំណាច​នោះ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​បម្រើ​របស់​លោក​អេលីសេ ដែល​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ពេល​ដែល​គាត់​បានក្រោក​ឡើង នៅ​ពេល​ព្រឹក​មួយ ឃើញ​ខ្លួន​គាត់ និង​លោក​អេលីសេ ត្រូវ​ពួក​សត្រូវ​ឡោម​ព័ទ្ធ។ គាត់​ក៏​បាន​លាន់​មាត់ថា “វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច”(២ពង្សាវតាក្សត្រ ៦:១៥)។ លោក​ហោរាក៏​បាន​ឆ្លើយ​តប ដោយ​ចិត្ត​ស្ងប់​ថា “កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត” (ខ.១៦)។ បន្ទាប់​មក លោក​អេលីសេ​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ”(ខ.១៧)។ ដូចនេះ ព្រះអម្ចាស់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ”(ខ.១៧)។ ពី​ដំបូង ភ្នែក​របស់​អ្នក​បម្រើ​គាត់មើល​ឃើញ​តែ​ភាព​អស់​សង្ឃឹម តែ​ទី​បំផុត គេ​ក៏​បាន​ដឹង​ថា ព្រះ​អម្ចាស់​មាន​អំណាច​ជាង​កង​ទ័ព​ដ៏​ច្រើន​សណ្ឋឹក​របស់​ពួក​សត្រូវ។​

កាលៈ​ទេសៈ​ដ៏​ពិបាក​របស់​យើង អាច​នាំ​ឲ្យ​យើង​ជឿ​ថា អ្វី​ៗ​បាន​បាត់​បង់​អស់​ហើយ ប៉ុន្តែ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹងបើក​ភ្នែក​យើង ហើយ​បង្ហាញ​ថា ព្រះ​អង្គ​ធំ​ជាង​បញ្ហា​របស់​យើង។—REMI OYEDELE