រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីលោករូប៊ី បានបាត់បង់ភរិយា ហើយអ្នកស្រីសាប្រ៊ីណាបានបាត់បង់ស្វាមី យ៉ាងសោកសៅ អ្នកទាំងពីរក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយក៏បានរៀបការ។ គ្រួសារទាំងពីរក៏បានក្លាយជាគ្រួសារតែមួយ។ ពួកគេបានសង់ផ្ទះថ្មីមួយខ្នង ហើយបានដាក់ឈ្មោះឲ្យវាថា ហាវីឡាហ៍(ពាក្យភាសាហេព្រើរ មានន័យថា “លូតលាស់ចេញពីការឈឺចាប់”)។ វាបានឆ្លុះបញ្ចាំង អំពីការបង្កើតអ្វីដែលស្រស់ស្អាត ចេញពីការឈឺចាប់។ អ្នកទាំងពីរបាននិយាយថា ពួកគេមិនបានសង់ផ្ទះនោះ ដើម្បីបំភ្លេចអតីតកាលឡើយ ប៉ុន្តែ ដើម្បីធ្វើឲ្យជីវិតងើបឡើងចេញពីផេះផង់ និងមានសង្ឃឹមឡើងវិញ។ សម្រាប់ពួកគេ ផ្ទះនោះជាកន្លែងដ៏កក់ក្តៅ ជាកន្លែងអរសប្បាយនឹងជីវិត និងជាកន្លែងដែលនឹងមានអនាគតដ៏ភ្លឺស្វាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលក្ខណៈនៃជីវិតរបស់យើង ក្នុងព្រះយេស៊ូវ។ ព្រះអង្គបានជួយឲ្យជីវិតយើងងើបឡើង ចេញពីផេះផង់ ហើយនាំយើងចូលទៅក្នុងមហាគ្រួសារដ៏កក់ក្តៅ។ ពេលណាយើងទទួលព្រះអង្គ ព្រះអង្គនឹងចូលគង់ក្នុងចិត្តយើង(អេភេសូរ ៣:១៧)។ ព្រះជាម្ចាស់បាននាំយើងចូលទៅក្នុងគ្រួសារទ្រង់ តាមរយៈព្រះយេស៊ូវ ដើម្បីឲ្យយើងក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ(១:៥-៦)។ ទោះយើងនឹងឆ្លងកាត់ពេលដ៏ឈឺចាប់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែអាចប្រើពេលដ៏ឈឺចាប់នោះ ដើម្បីសម្រេចគោលបំណងដ៏ល្អ ក្នុងជីវិតយើង។
ជារៀងរាល់ថ្ងៃ យើងមានឱកាសលូតលាស់ ក្នុងការយល់ដឹង អំពីព្រះ ដោយទន្ទឹមនឹងនោះ យើងអាចអរសប្បាយចំពោះសេចក្តីស្រឡាញ់ ដែលព្រះអង្គប្រទានមកយើង។ ក្នុងព្រះអង្គ យើងមានភាពពេញលេញ ក្នុងជីវិត ដែលយើងមិនអាចរកបានដោយខ្លួនឯង(៣:១៩)។ ហើយយើងមានសេចក្តីសន្យា ដែលថា ទំនាក់ទំនងនេះនឹងស្ថិតស្ថេរជារៀងរហូត។ ព្រះយេស៊ូវប្រទានយើង នូវគ្រួសារដ៏កក់ក្តៅ និងមូលហេតុដែលយើងត្រូវអរសប្បាយ ក្នុងជីវិត ហើយជាក្តីសង្ឃឹមរបស់យើង នៅពេលបច្ចុប្បន្ន និងជារៀងរហូត។—ANNE CETAS