រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់​ពី​លោក​រូប៊ី បាន​បាត់​បង់​ភរិយា ហើយ​អ្នក​ស្រី​សាប្រ៊ីណា​បាន​បាត់​បង់​ស្វាមី យ៉ាង​សោក​សៅ អ្នក​ទាំង​ពីរ​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍  ហើយ​ក៏​បាន​រៀប​ការ។​ គ្រួសារ​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​គ្រួសារ​តែ​មួយ។ ពួក​គេ​បាន​សង់​ផ្ទះ​ថ្មី​មួយខ្នង ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ហាវីឡាហ៍(ពាក្យ​ភាសា​ហេព្រើរ មាន​ន័យ​ថា “លូត​លាស់​ចេញ​ពី​ការ​ឈឺ​ចាប់”)។ វា​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​បង្កើត​អ្វី​ដែល​ស្រស់​ស្អាត ចេញ​ពី​ការ​ឈឺ​ចាប់។ អ្នក​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​សង់​ផ្ទះ​នោះ ដើម្បី​បំភ្លេច​អតីត​កាល​ឡើយ ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ងើប​ឡើង​ចេញ​ពី​ផេះ​ផង់ និង​មាន​សង្ឃឹម​ឡើង​វិញ។ សម្រាប់​ពួក​គេ ផ្ទះ​នោះ​ជា​កន្លែង​ដ៏​កក់​ក្តៅ ជា​កន្លែង​អរ​សប្បាយ​នឹង​ជីវិត និង​ជា​កន្លែង​ដែល​នឹង​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លក្ខណៈ​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ជួយ​ឲ្យ​ជីវិត​យើង​ងើប​ឡើង ចេញ​ពី​ផេះ​ផង់ ហើយ​នាំ​យើង​ចូល​ទៅ​ក្នុង​មហា​គ្រួសារ​ដ៏​កក់​ក្តៅ។ ពេល​ណា​យើង​ទទួល​ព្រះ​អង្គ  ព្រះ​អង្គ​នឹង​ចូល​គង់ក្នុង​ចិត្ត​យើង​(អេភេសូរ ៣:១៧)។ ព្រះ​ជា​ម្ចាស់​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​គ្រួសារ​ទ្រង់ តាម​រយៈ​ព្រះយេស៊ូវ ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ(១:៥-៦)។ ទោះ​យើង​នឹង​ឆ្លង​កាត់​ពេល​ដ៏​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​អាច​ប្រើ​ពេល​ដ៏​ឈឺ​ចាប់​នោះ ដើម្បី​សម្រេច​គោល​បំណង​ដ៏​ល្អ ក្នុង​ជីវិត​យើង។​

ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស​លូត​លាស់ ក្នុង​ការ​យល់​ដឹង អំពី​ព្រះ ដោយ​ទន្ទឹម​នឹង​នោះ យើង​អាច​អរសប្បាយចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​ប្រទានមក​យើង។ ក្នុង​ព្រះ​អង្គ យើង​មាន​ភាព​ពេញ​លេញ ក្នុង​ជីវិត ដែល​យើង​មិន​អាច​រក​បាន​ដោយ​ខ្លួន​ឯង​(៣:១៩)។ ហើយ​យើង​មាន​សេចក្តី​សន្យា ដែល​ថា ទំនាក់​ទំនង​នេះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​ប្រទាន​យើង នូវ​គ្រួសារ​ដ៏​កក់​ក្តៅ និង​មូល​ហេតុ​ដែល​យើង​ត្រូវ​អរ​សប្បាយ ក្នុង​ជីវិត ហើយ​ជា​ក្តី​សង្ឃឹម​របស់​យើង នៅ​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។—ANNE CETAS