មុន​ពេល​លោក​ខេស៊ី(KC)ថ្វាយ​ជីវិត​ដល់​ព្រះ​យេស៊ូវ គាត់​បាន​រស់​នៅ​ក្នុង​ជីវិត​ដែល​ញៀន​ថ្នាំ។ គាត់​ថា កាល​នោះ គាត់​បាន​រស់​នៅ​ជា​មួយ​ម្តាយ​គាត់​អស់​រយៈ​ពេល​យ៉ាង​យូរ រហូត​ដល់​ពេល​ដែល​ម្តាយ​គាត់​ចាក​ចេញ​ពី​គាត់។ គាត់​បាន​សារ​ភាព​ថា គាត់​បាន​ព្យាយាម​រក​លុយ​ទិញ​ថ្នាំ​ញៀន ដោយ​ការ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​សូម្បី​តែ​មនុស្ស​ជាទីស្រឡាញ់​របស់​គាត់​ក៏​ដោយ។ ឥឡូវ​នេះ ជីវិត​ចាស់​នោះ​បាន​កន្លង​ផុត​ទៅ​ហើយ ដោយ​គាត់​បាន​កត់​ចំណាំ​ថ្ងៃ​ ខែ ឆ្នាំ ដែល​គាត់​បាន​ជា​ស្អាត​ពី​ការ​ញៀន​ថ្នាំ។ ពេល​ណាខ្ញុំ​ និង​លោក​ខេស៊ី​អង្គុយ​សិក្សា​ព្រះ​បន្ទូល​ព្រះ​ជា​មួយ​គ្នា​ជា​ទៀង​ទាត់ ខ្ញុំ​បាន​ឃើញ​ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្រែ​ខុស​ពី​មុខ។

បទ​គម្ពីរ​ម៉ាកុស ៥:១៥ បាន​ចែង​អំពី​បុរស​ម្នាក់​ដែល​ត្រូវ​អារក្ស​ចូល ហើយ​ក្រោយ​មក ​ក៏​មាន​ជីវិត​ផ្លាស់​ប្រែ​ផង​ដែរ។ មុន​ពេល​គាត់​ទទួល​ការ​ប្រោស​ឲ្យ​ជា គាត់​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម គ្មាន​ផ្ទះ​សម្បែង(ខ.៣-៥)។ ប៉ុន្តែ អ្វី​ៗ​គ្រប់​យ៉ាងមាន​ការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​ព្រះ​យេស៊ូវ​រំដោះ​គាត់ ឲ្យ​រួច​ពី​វិញ្ញាណ​អាក្រក់(ខ.១៣)។ ប៉ុន្តែ មុន​ពេល​គាត់​ជួប​ព្រះ​យេស៊ូវ ជីវិត​គាត់​មិន​មាន​ភាព​ប្រក្រតី គឺ​មិន​ខុស​ពី​លោក​ខេស៊ី​ឡើយ។ ភាព​វឹកវរ​ក្នុង​ខ្លួន​គាត់​ ដែល​បង្ហាញ​ចេញ​មក​ខាង​ក្រៅ គឺខុស​ពី​មនុស្ស​ជា​ច្រើន ក្នុង​សម័យ​បច្ចុប្បន្ន។ មនុស្ស​ខ្លះ​ដែល​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ កំពុង​តែ​រស់​នៅ​ក្នុង​អគារ​ដែល​គេ​បោះ​បង់​ចោល ក្នុង​យាន​យន្ត​ ឬ​កន្លែង​ដទៃ​ទៀត។ អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន តែ​កំពុង​តែ​មាន​ភាព​ឯកោ​យ៉ាង​ខ្លាំង។ ពួក​គេ​កំពុង​តែ​មាន​ច្រវ៉ាក់​រុំព័ទ្ធ​ចិត្ត និង​គំនិត ហើយ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​អ្នក​ដទៃ។

តែ​យើង​អាច​ថ្វាយ​ការ​ឈឺ​ចាប់ និង​ក្តី​អាម៉ាស់​របស់​យើង​ពី​អតីត​កាល និង​ក្នុង​ពេល​បច្ចុប្បន្ន ដាច់​ដល់​ព្រះ​អង្គ។ ហើយព្រះ​អង្គ​កំពុង​តែ​រង់​ចាំ​ស្វាគមន៍ អស់​អ្នក​ដែល​រត់​មក​រក​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ(ខ.១៩)។—ARTHUR JACKSON