មាន​ពេល​មួយ​ខាឡា(Carla) បាន​ទូរស័ព្ទ និង​ផ្ញើសារ​ទៅ​ប្អូន​ប្រុស​របស់​នាង។ នាង​ក៏​បាន​ទៅ​ឈរ​នៅ​មុខ​ក្លោង​ទ្វារផ្ទះ​របស់​ប្អូន​ប្រុស​នាង ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ឲ្យ​ប្អូន​ប្រុស​នាង​ឆ្លើយ​តប។ ប្អូន​ប្រុស​របស់​នាង​កំពុង​តែ​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត និង​កំពុង​ជម្នះ​ការ​ញៀន​ថ្នាំ ដោយ​លាក់​ខ្លួន​ នៅ​ក្នុង​ផ្ទះ។ ខាឡា​ក៏​បាន​ព្យាយាម​ជួយ​គាត់ ឲ្យ​ឈប់​នៅម្នាក់​ឯង​ទៀត ដោយ​យក​អាហារ​ដែល​គាត់​ចូល​ចិត្ត​ញាំ​ដាក់​ក្នុង​ថង់​ ភ្ជាប់​ជា​មួយ​ខគម្ពីរ​លើក​ទឹក​ចិត្ត មក​ចង​ព្យួរ​នៅ​លើ​ខ្លោង​ទ្វារ​ផ្ទះ។

ប៉ុន្តែ នាង​ក៏​បាន​របូត​ដៃ​ជ្រុះ​ថង់​អាហារ​នោះ ពី​លើ​ឈើ​ស្រួច​ៗ​ដែល​នៅ​ជាប់​នឹង​ក្លោង​ទ្វារ​ផ្ទះ​នោះ ធ្វើ​ឲ្យ​វា​រហែក ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ថង់​ក៏​បាន​ធ្លាក់​ទៅ​លើ​ដី​ដែល​នៅ​ខាង​ក្រោម។ នាង​ចង់​ធ្វើ​ការ​នេះ​សម្រាប់​គាត់ ដោយបំណង​ល្អ និង​ក្តី​ស្រឡាញ់ តែ​វា​បាន​ជ្រុះ​ទៅ​លើ​ដី​អស់។ តើ​ប្អូន​ប្រុស​របស់​នាង​ដឹង​ថា នាង​បាន​ធ្វើ​ការ​ដ៏​ល្អ​នេះ​សម្រាប់​គាត់​ឬ​ទេ? តើ​នាង​អាច​សម្រេច​បេសកកម្ម​នៃ​ក្តី​សង្ឃឹម​នេះ​ទេ? នាង​គ្រាន់​តែ​អាច​សង្ឃឹម និង​អធិស្ឋាន​ឲ្យ​គាត់ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រង់​ចាំ​ព្រះ​ជា​ម្ចាស់​ប្រោស​គាត់​ឲ្យ​ជា។​

ព្រះ​ជា​ម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ បាន​ជា​ព្រះ​អង្គ​លះ​បង់​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​អង្គ ដោយ​ឲ្យ​គេ​ទំលុះ​ព្រះ​កាយ​ព្រះ​អង្គ​ជាប់​នឹង​ឈើ​ឆ្កាង​រហូត​ដល់​អស់​ព្រះ​ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប ក្នុង​លោកិយ ដែល​កំពុង​តែ​ហត់​នឿយ និង​ព្រួយ​លំបាក​(យ៉ូហាន ៣:១៦)។ ក្នុង​បទ​គម្ពីរ​អេសាយ ៥៣:៥ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​នេះ។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា ព្រះ​អង្គ “​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់(ខ.៦)។ ហើយ​ព្រះ​អង្គ​បាន​ទទួល​អំពើ​ទុច្ច​រិត​របស់​យើង​រាល់​គ្នា(ខ.៦)។

ព្រះ​យេស៊ូវ​គឺ​ជា​អំណោយ​មក​ពី​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​​អាច​ប្រទាន ឲ្យ​យើង​មាន​កម្លាំង​ និង​ទស្សនៈ​​ថ្មីៗ ក្នុង​ជីវិត​របស់យើង​ ​ជា​រៀង​រាល់​ថ្ងៃ។ តើ​អំណោយ​នេះ​មាន​ន័យ​យ៉ាង​ណា សម្រាប់​អ្នក?  —ELISA MORGAN