មុនពេលលោកខេស៊ី(KC)ថ្វាយជីវិតដល់ព្រះយេស៊ូវ គាត់បានរស់នៅក្នុងជីវិតដែលញៀនថ្នាំ។ គាត់ថា កាលនោះ គាត់បានរស់នៅជាមួយម្តាយគាត់អស់រយៈពេលយ៉ាងយូរ រហូតដល់ពេលដែលម្តាយគាត់ចាកចេញពីគាត់។ គាត់បានសារភាពថា គាត់បានព្យាយាមរកលុយទិញថ្នាំញៀន ដោយការលួចទ្រព្យសម្បត្តិអ្នកដទៃ និងសូម្បីតែមនុស្សជាទីស្រឡាញ់របស់គាត់ក៏ដោយ។ ឥឡូវនេះ ជីវិតចាស់នោះបានកន្លងផុតទៅហើយ ដោយគាត់បានកត់ចំណាំថ្ងៃ ខែ ឆ្នាំ ដែលគាត់បានជាស្អាតពីការញៀនថ្នាំ។ ពេលណាខ្ញុំ និងលោកខេស៊ីអង្គុយសិក្សាព្រះបន្ទូលព្រះជាមួយគ្នាជាទៀងទាត់ ខ្ញុំបានឃើញជីវិតគាត់មានការផ្លាស់ប្រែខុសពីមុខ។
បទគម្ពីរម៉ាកុស ៥:១៥ បានចែងអំពីបុរសម្នាក់ដែលត្រូវអារក្សចូល ហើយក្រោយមក ក៏មានជីវិតផ្លាស់ប្រែផងដែរ។ មុនពេលគាត់ទទួលការប្រោសឲ្យជា គាត់ស្ថិតក្នុងភាពអស់សង្ឃឹម គ្មានផ្ទះសម្បែង(ខ.៣-៥)។ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរបន្ទាប់ពីព្រះយេស៊ូវរំដោះគាត់ ឲ្យរួចពីវិញ្ញាណអាក្រក់(ខ.១៣)។ ប៉ុន្តែ មុនពេលគាត់ជួបព្រះយេស៊ូវ ជីវិតគាត់មិនមានភាពប្រក្រតី គឺមិនខុសពីលោកខេស៊ីឡើយ។ ភាពវឹកវរក្នុងខ្លួនគាត់ ដែលបង្ហាញចេញមកខាងក្រៅ គឺខុសពីមនុស្សជាច្រើន ក្នុងសម័យបច្ចុប្បន្ន។ មនុស្សខ្លះដែលកំពុងតែមានការឈឺចាប់ កំពុងតែរស់នៅក្នុងអគារដែលគេបោះបង់ចោល ក្នុងយានយន្ត ឬកន្លែងដទៃទៀត។ អ្នកខ្លះទៀតរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន តែកំពុងតែមានភាពឯកោយ៉ាងខ្លាំង។ ពួកគេកំពុងតែមានច្រវ៉ាក់រុំព័ទ្ធចិត្ត និងគំនិត ហើយបានផ្តាច់ខ្លួនចេញពីអ្នកដទៃ។
តែយើងអាចថ្វាយការឈឺចាប់ និងក្តីអាម៉ាស់របស់យើងពីអតីតកាល និងក្នុងពេលបច្ចុប្បន្ន ដាច់ដល់ព្រះអង្គ។ ហើយព្រះអង្គកំពុងតែរង់ចាំស្វាគមន៍ អស់អ្នកដែលរត់មករកព្រះអង្គ នៅថ្ងៃនេះ(ខ.១៩)។—ARTHUR JACKSON