ឪពុកម្តាយរបស់ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក ដូចនេះ ពួកគាត់បានស្គាល់ទុក្ខលំបាកជាច្រើន ក្នុងវ័យកុមារ។ ជាលទ្ធផល ពួកគាត់ក៏បានក្លាយជាមនុស្សពេញវ័យ ដែលមានការសន្សំសំចៃខ្ពស់ ដោយពួកគាត់ខិតខំធ្វើការ និងចេះចាត់ចែងប្រាក់ដែលព្រះប្រទាន ដោយចិត្តដែលដឹងគុណព្រះអង្គ។ ទន្ទឹងនឹងនោះ ពួកគាត់មិនដែលមានចិត្តលោភលន់ឡើយ។ ពួកគាត់បានលះបង់ពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិ ដល់ព្រះវិហាររបស់ខ្លួន និងក្រុមការងារមនុស្សធម៌ ព្រមទាំងអ្នកខ្វះខាតផងដែរ។ ជាការពិតណាស់ ពួកគាត់បានប្រើប្រាស់លុយ យ៉ាងឆ្លាតវ័យ និងបានចែករំលែក ដោយចិត្តរីករាយ។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ឪពុកម្តាយខ្ញុំតែងតែនឹកចាំការបង្រៀនរបស់សាវ័កប៉ុល ដែលបានដាស់តឿន នៅក្នុងព្រះគម្ពីរថា “ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ”(១ធីម៉ូថេ ៦:៩)។
សាវ័កប៉ុលបានធ្វើការដាស់តឿននេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេ ដែលជាគ្រូគង្វាលវ័យក្មេង នៅទីក្រុងអេភេសូរ ដែលនៅទីនោះ ទ្រព្យសម្បត្តិបានល្បួងទាំងអ្នកមាន និងអ្នកក្រ។
សាវ័កប៉ុលបានដាស់តឿនទៀតថា “ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន”(ខ.១០)។
ដូចនេះ តើមានអ្វីជាថ្នាំបន្សាបសម្រាប់ភាពលោភលន់? ព្រះយេស៊ូវបានមានបន្ទូលថា ដើម្បីជម្នៈភាពលោភលន់ យើងត្រូវក្លាយជា “អ្នកមានខាងឯព្រះ”(មើលលូកា ១២:១៣-២១)។ យើងត្រូវយកព្រះអង្គជាក្តីអំណរទីមួយរបស់យើង ដោយស្វែងរកបំណងព្រះទ័យ សរសើរដំកើង និងស្រឡាញ់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌លើសអ្វីៗទំាងអស់។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបន្លឺសម្លេងថា “ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ទំនុកដំកើង ៩០:១៤)។
ចូរយើងអរសប្បាយ ក្នុងព្រះអង្គជារៀងរាល់ថ្ងៃ ដើម្បីជម្នះភាពលោភលន់ ហើយទទួលបាននូវភាពស្កប់ចិត្ត។ សូមព្រះយេស៊ូវប្រោសលោះសេចក្តីប៉ងប្រាថ្នារបស់យើង ដោយធ្វើឲ្យយើងក្លាយជាអ្នកមានខាងឯព្រះ។—PATRICIA RAYBON