ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក ដូច​នេះ ពួក​គាត់​បាន​ស្គាល់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​វ័យ​កុមារ។ ជា​លទ្ធ​ផល ពួក​គាត់​ក៏​បាន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ដែល​មាន​ការ​សន្សំ​សំចៃ​ខ្ពស់ ដោយ​ពួកគាត់​ខិត​ខំ​ធ្វើការ និង​ចេះ​ចាត់​ចែង​ប្រាក់​ដែល​ព្រះ​ប្រទាន ដោយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ​អង្គ។ ទន្ទឹង​នឹង​នោះ ពួក​គាត់មិន​ដែល​មាន​ចិត្ត​លោភ​លន់​ឡើយ។ ពួក​គាត់បាន​លះ​បង់​ពេល​វេលា អំណោយ​ទាន និង​ទ្រព្យ​សម្បត្តិ ដល់​ព្រះវិហារ​របស់​ខ្លួន ​និង​ក្រុម​ការងារ​មនុស្សធម៌ ព្រមទាំង​អ្នក​ខ្វះ​ខាតផងដែរ។ ជា​ការ​ពិត​ណាស់ ពួក​គាត់​បាន​ប្រើ​ប្រាស់​លុយ​ យ៉ាង​ឆ្លាត​វ័យ និង​បាន​ចែក​រំលែក ដោយ​ចិត្ត​រីក​រាយ។

ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ឪពុក​ម្តាយ​ខ្ញុំ​តែង​តែ​នឹក​ចាំ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​ដាស់​តឿន នៅ​ក្នុងព្រះ​គម្ពីរ​ថា “ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិនវិនាស និង​សេចក្តី​អន្តរធាន​វិញ”(១ធីម៉ូថេ ៦:៩)។

សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​ដាស់​តឿន​នេះ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​គ្រូ​គង្វាល​វ័យ​ក្មេង នៅ​ទីក្រុង​អេភេសូរ ដែល​នៅ​ទីនោះ ទ្រព្យ​សម្បត្តិ​បាន​ល្បួង​ទាំង​អ្នក​មាន និង​អ្នក​ក្រ។

សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ទៀត​ថា “ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួងលោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន”(ខ.១០)។

ដូច​នេះ តើ​មាន​អ្វី​ជា​ថ្នាំ​បន្សាប​សម្រាប់​ភាព​លោភ​លន់? ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​ ដើម្បី​ជម្នៈ​ភាព​លោភ​លន់ យើង​ត្រូវ​ក្លាយ​ជា “អ្នក​មាន​ខាង​ឯ​ព្រះ”(មើល​លូកា ១២:១៣-២១)។ យើង​ត្រូវ​យក​ព្រះ​អង្គ​ជា​ក្តី​អំណរ​ទីមួយ​របស់​យើង ដោយ​ស្វែង​រក​បំណង​ព្រះ​ទ័យ សរសើរ​ដំកើង និង​ស្រឡាញ់​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​លើស​អ្វី​ៗ​ទំាង​អស់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​ថា “ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូត​ដល់​អស់​១​ជីវិត”(ទំនុកដំកើង ៩០:១៤)។

ចូរ​យើង​អរសប្បាយ ក្នុង​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជម្នះ​ភាព​លោភ​លន់ ហើយ​ទទួល​បាន​នូវ​ភាព​ស្កប់​ចិត្ត។ សូម​ព្រះ​យេស៊ូវ​ប្រោស​លោះ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង ដោយ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​ខាង​ឯ​ព្រះ។​—PATRICIA RAYBON