លោកអឺនេស ស៊ែកក្លេតុន(Ernest Shackleton ឆ្នាំ1874–1922) បានបរាជ័យ នៅក្នុងការដឹកនាំដំណើរបេសកម្មឆ្លងកាត់ទ្វីបអត់តាកទិក កាលពីឆ្នាំ១៩១៤។ នាវារបស់គាត់ ដែលមានរហ័សនាមថា ស៊ូទ្រាំ បានជាប់គាំង នៅក្នុងទឹកកកក្រាស់ៗ ក្នុងសមុទ្រវេដេល។ វាជាពេលដែលគាត់ និងក្រុមនាវិករបស់គាត់ត្រូវរត់ប្រណាំងនឹងពេលវេលាដែលនៅសល់កាន់តែតិចទៅៗ ដោយការស៊ូទ្រាំ ឲ្យរួចផុតពីសេចក្តីស្លាប់។ ពួកគេមិនមានមធ្យោបាយទំនាក់ទំនងជាមួយ តំបន់ផ្សេងទៀតនៃពិភពលោកទេ ដូចនេះ ពួកគេក៏បានប្រើទូកសង្រ្គោះ ដើម្បីធ្វើដំណើរ ទៅឆ្នេរ ដែលនៅជិតបំផុត នៅកោះអ៊ីលីហ្វិន។ លោកស៊ែកក្លេតុន និងពួកនាវិក៥នាក់បានអុំទូកនោះ អស់រយៈពេល២សប្តាហ៍ បានចម្ងាយប្រហែល១២០០គីឡូម៉ែត្រ កាត់មហាសមុទ្រ ទៅដល់រដ្ឋចចជាខាងត្បូង ដើម្បីស្វែងរកជំនួយ សម្រាប់ពួកនាវិកភាគច្រើន ដែលកំពុងរង់ចាំនៅលើកោះ។ ដំណើរបេសកកម្ម “ដ៏បរាជ័យ”នេះ ក៏បានក្លាយជាការធ្វើដំណើរដ៏ជោគជ័យ ចូលទៅក្នុងសៀវភៅប្រវត្តិសាស្រ្ត ពេលដែលនាវិកទាំងអស់របស់លោកស៊ែកក្លេតុនបានរួចផុតពីសេចក្តីស្លាប់ ដោយសារសេចក្តីក្លាហាន និងការស៊ូទ្រាំរបស់ពួកគេ។
សាវ័កប៉ុលបានយល់អំពីអត្ថន័យនៃការស៊ូទ្រាំ។ ក្នុងអំឡុងពេលនៃការធ្វើដំណើរកាត់សមុទ្រដែលមានខ្យល់ព្យុះ ទៅទីក្រុងរ៉ូម ដើម្បីប្រឈមមុខនឹងការកាត់ទោស ដោយសារគាត់ជឿព្រះយេស៊ូវ គាត់ក៏បានទទួលការបើកសម្តែងពីទេវតារបស់ព្រះអម្ចាស់ ឲ្យដឹងថា សំពៅនោះនឹងលិចមិនខាន។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តអស់អ្នកដែលធ្វើដំណើរជាមួយគាត់ថា ពួកគេនឹងរួចជីវិតទាំងអស់គ្នា តាមការសន្យារបស់ព្រះ ទោះជានាវានោះត្រូវបាត់បង់ក៏ដោយ(កិច្ចការ ២៧:២៣-២៤)។
ពេលដែលយើងជួបគ្រោះមហន្តរាយ យើងច្រើនតែចង់ឲ្យព្រះកែប្រែអ្វីៗ ឲ្យមានភាពល្អឡើងវិញភ្លាម។ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឲ្យយើងមានជំនឿ សម្រាប់ស៊ូទ្រាំ និងលូតលាស់ ក្នុងទុក្ខលំបាកនោះ។ គឺដូចដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងរ៉ូមថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ”(រ៉ូម ៥:៣)។ កាលណាយើងដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ នោះយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យបន្តទុកចិត្តព្រះ ក្នុងពេលដែលមានទុក្ខលំបាក។ —LINDA WASHINGTON