កាល​ពី​ខែ​មករា ឆ្នាំ១៩៤៣ ខ្យល់​ក្តៅ​បាន​បក់​មក​ទីក្រុង​ស្ពៀហ្វ៊ីស រដ្ឋ​ដាកូតា​ខាង​ត្បូង ធ្វើ​ឲ្យ​កម្តៅ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ពី-២០°C ទៅ ៧°C។ ដូច​នេះ​សីតុណ្ហភាព​បាន​កើន​ឡើង​២៧​អង្សាសេ ក្នុង​រយៈ​ពេល​ដែល​ពីរ​វិនាទី​ប៉ុណ្ណោះ។ ​

ការ​ផ្លាស់​ប្តូរ​សីតុណ្ហភាព​ដែល​អាក្រក់​បំផុត ដែល​បាន​កត់​ទុក​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សហរដ្ឋ​អាមេរិក ក្នុង​រយៈ​ពេល​២៤ម៉ោង គឺ​ជា​ការ​កើន​សីតុណ្ហ​ភាព​៥៧​អង្សាសេ កាល​ពី​ឆ្នាំ​១៩៧២ នៅ​ក្រុង​ឡូម៉ា រដ្ឋ​មុនតាណា ដែល​នៅ​ថ្ងៃ​នោះ គេ​ឃើញ​សីតុណ្ហភាព​លោក​ផ្លោះពី-៤៨°C ទៅ ៩°C។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នេះ មិន​គ្រាន់​តែ​ជា​បាតុ​ភូតិ​អាកាស​ធាតុ​ប៉ុណ្ណោះ​ទេ។ ជួន​កាល វា​ក៏​ជាលក្ខណៈ​នៃ​ជីវិត​របស់​មនុស្ស​ផង​ដែរ។ លោក​យ៉ាកុប​បាន​រំឭក​យើង​ថា “ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ”(៤:១៣-១៤)។ យើង​អាច​ជួប​ការ​បាត់​បង់ ដែល​មិន​នឹក​ស្មាន​ដល់ ឬ​ទទួល​លទ្ធ​ផល​ពិនិត្យ​សុខ​​ភាព​ដែល​គួរ​ឲ្យ​តក់​ស្លត់។  ឬ​ក៏​ជួប​ការ​ខាត​បង់​ផ្នែក​ហិរញ្ញ​វត្ថុ​ជាដើម ដែល​សុទ្ធ​តែ​ជា​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន។​

ជីវត​យើង​ជា​ការ​ធ្វើ​ដំណើរ ដែល​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដែល​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ​ បាន​ជា​សាវ័កយ៉ាកុប​បាន​ដាស់​តឿន​យើង ឲ្យ​ងាក​ចេញ​ពី “សេចក្តី​អំណួត”(ខ.១៦) ដែល​មិន​បាន​គិត​ដល់​ព្រះ​ដ៏​មាន​ចេស្តា​ជា​ធំ។ គាត់​បាន​ឲ្យ​យោបល់​យើង​ថា “គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(ខ.១៥)។ ហេតុការណ៍​ក្នុង​ជីវិត​យើង គឺ​មិន​ទៀង​ទេ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់ថា ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដែល​ពិបាក​យ៉ាង​ណា​ក៏​ដោយ ព្រះ​ជា​ម្ចាស់​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត។—BILL CROWDER