ជួនកាល ខ្ញុំសង្ស័យថា ឆ្មារបស់ខ្ញុំប្រហែលជាខ្លាចខ្ញុំភ្លេចវា។ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ដោយយួរគ្រឿងទេសមួយថង់ វាក៏បានប្រញាប់ទៅពិនិត្យមើលរបស់ដែលមានក្នុងថង់នោះ។ ពេលខ្ញុំកាត់បន្លែ វាក៏បានឈរជើងពីរ ដោយភ្នែកសម្លឹងមើលបន្លែនោះ ហើយអង្វរឲ្យខ្ញុំចែករំលែកជាមួយវា។ ប៉ុន្តែ ពេលណាខ្ញុំឲ្យរបស់អ្វីមួយ ដែលវាចាប់ចិត្ត វាក៏បានបាត់បង់ចំណាប់អារម្មណ៍ចំពោះវត្ថុនោះភ្លាម ដោយដើរចេញទៅឆ្ងាយ ដោយចិត្តដែលធុញទ្រាន់។
ប៉ុន្តែ បើខ្ញុំមានភាពតឹងរឹង ចំពោះមិត្តសំឡាញ់ដ៏តូចល្អិតមួយក្បាលនេះ ដោយសារទង្វើររបស់វា នោះខ្ញុំមិនខុសពីមនុស្សមានពុតឡើយ។ អាកប្បកិរិយ៉ារបស់វាបានឆ្លុះបញ្ចាំងអំពីការស្រេកឃ្លានរបស់ខ្ញុំ ដែលចេះតែចង់បាននេះចង់បាននោះមិនចេះចប់។ រឿងនេះគឺជាការចម្អកដ៏គួរឲ្យអស់សំណើច។
សាវ័កប៉ុលបានបង្រៀនយើងថា ការស្កប់ចិត្តមិនកើតមានឡើង ដោយឯកឯងឡើយ តែយើងត្រូវរៀនស្កប់ចិត្ត(ភីលីព ៤:១១)។ តាមចិត្តរបស់យើង យើងច្រើនតែចង់ដេញតាមរបស់អ្វី ដែលយើងគិតថា អាចបំពេញចិត្តយើង ហើយយើងក៏ប្រញាប់ទៅរករបស់ផ្សេងទៀត ពេលណាយើងដឹងថា វាមិនអាចបំពេញចិត្តយើងបាន។ នៅពេលខ្លះទៀត ភាពមិនស្កប់ចិត្តរបស់យើង បានកើតចេញពីការថប់បារម្ភ ចំពោះការគម្រាមកំហែងទាំងអស់ ដែលយើងសង្ស័យថា ប្រហែលជានឹងកើតមានចំពោះយើង បានជាយើងខំការពារខ្លួន។
ជាការពិតណាស់ ជួនកាល យើងចាំបាច់ត្រូវឆ្លងកាត់រឿងដែលយើងខ្លាចបំផុត ដើម្បីឲ្យយើងអាចចូលទៅក្នុងក្តីអំណរដ៏ពិត។ សាវ័កប៉ុលបានជួបរឿងអាក្រក់ៗបំផុតក្នុងជីវិតគាត់ បានជាគាត់អាចធ្វើបន្ទាល់ អំពី “អាថ៌កំបាំង” នៃការស្កប់ចិត្តដ៏ពិត(ខ.១១-១២) ហើយយើងត្រូវដឹងថា កាលណាយើងអនុញ្ញាតឲ្យព្រះជាម្ចាស់បំពេញចិត្តយើង យើងនឹងបានពិសោធន៍នឹងសន្តិភាព ឬសេចក្តីសុខសាន្ត ដែលល្អហួសពាក្យពណ៌នា(ខ.៦-៧) ហើយចូលកាន់តែជ្រៅ ទៅក្នុងជម្រៅនៃអំណាចចេស្តា សម្រស់ និងព្រះគុណរបស់ព្រះគ្រីស្ទ។—MONICA BRANDS