ជួន​កាល ខ្ញុំ​សង្ស័យ​ថា ឆ្មា​របស់​ខ្ញុំ​ប្រហែល​ជា​ខ្លាច​ខ្ញុំ​ភ្លេច​វា។ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​យួរ​គ្រឿង​ទេស​មួយ​ថង់ វា​ក៏​បាន​ប្រញាប់​ទៅ​ពិនិត្យ​មើល​របស់​ដែល​មាន​ក្នុង​ថង់​នោះ។ ពេល​ខ្ញុំ​កាត់​បន្លែ វា​ក៏​បាន​ឈរ​ជើង​ពីរ ដោយភ្នែក​សម្លឹង​មើល​បន្លែ​នោះ ហើយ​អង្វរ​ឲ្យ​ខ្ញុំ​ចែក​រំលែក​ជា​មួយ​វា។ ប៉ុន្តែ ពេល​ណា​ខ្ញុំ​ឲ្យ​របស់​អ្វី​មួយ​ ដែល​វា​ចាប់​ចិត្ត វា​ក៏​បាន​បាត់​បង់​ចំណាប់​អារម្មណ៍​ចំពោះ​វត្ថុ​នោះ​ភ្លាម ដោយ​ដើរ​ចេញ​ទៅ​ឆ្ងាយ ដោយ​ចិត្ត​ដែល​ធុញ​ទ្រាន់។​

ប៉ុន្តែ បើ​ខ្ញុំ​មាន​ភាព​តឹង​រឹង ចំពោះ​មិត្ត​សំឡាញ់​ដ៏​តូច​ល្អិត​មួយ​ក្បាល​នេះ ដោយ​សារ​ទង្វើរ​របស់​វា នោះ​ខ្ញុំ​មិន​ខុស​ពីមនុស្ស​មាន​ពុត​ឡើយ។ អាកប្ប​កិរិយ៉ា​របស់​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ស្រេក​ឃ្លាន​របស់​ខ្ញុំ ដែល​ចេះ​តែ​ចង់​បាន​នេះ​ចង់បាន​នោះ​មិន​ចេះ​ចប់។ រឿង​នេះ​គឺ​ជា​ការ​ចម្អក​ដ៏​គួរ​ឲ្យ​អស់​សំណើច។

សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា ការ​ស្កប់​ចិត្ត​មិន​កើត​មាន​ឡើង​ ដោយ​ឯក​ឯង​ឡើយ តែ​យើង​ត្រូវ​រៀន​ស្កប់​ចិត្ត​(ភីលីព ៤:១១)។ តាម​ចិត្ត​របស់​យើង យើង​ច្រើន​តែ​ចង់​ដេញ​តាម​របស់​អ្វី ដែល​យើង​គិត​ថា អាច​បំពេញ​ចិត្ត​យើង ហើយ​យើង​ក៏​ប្រញាប់​ទៅ​រក​របស់​ផ្សេង​ទៀត ពេល​ណា​យើង​ដឹង​ថា វា​មិន​អាច​បំពេញ​ចិត្ត​យើង​បាន។ នៅ​ពេល​ខ្លះ​ទៀត ភាព​មិន​ស្កប់​ចិត្ត​របស់​យើង បាន​កើត​ចេញ​ពី​ការ​ថប់​បារម្ភ ចំពោះ​ការ​គម្រាម​កំហែង​ទាំង​អស់ ដែល​យើង​សង្ស័យ​ថា ប្រហែល​ជា​នឹង​កើត​មាន​ចំពោះ​យើង បាន​ជា​យើង​ខំ​ការពារ​ខ្លួន។

ជា​ការ​ពិត​ណាស់ ជួន​កាល យើង​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​រឿង​ដែល​យើង​ខ្លាច​បំផុត ដើម្បី​ឲ្យ​យើង​អាច​ចូល​ទៅ​ក្នុង​ក្តី​អំណរដ៏​ពិត។ សាវ័ក​ប៉ុល​បាន​ជួប​រឿង​អាក្រក់​ៗ​បំផុត​ក្នុង​ជីវិត​គាត់ បាន​ជា​គាត់​អាច​ធ្វើ​បន្ទាល់ អំពី “អាថ៌​កំបាំង” នៃ​ការ​ស្កប់​ចិត្ត​ដ៏​ពិត​(ខ.១១-១២) ហើយ​យើង​ត្រូវ​ដឹង​ថា កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បំពេញ​ចិត្ត​យើង យើង​នឹង​បាន​ពិសោធន៍​នឹង​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត ដែល​ល្អ​ហួស​ពាក្យ​ពណ៌នា​(ខ.៦-៧)  ហើយ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ជម្រៅ​នៃ​អំណាច​ចេស្តា សម្រស់ និង​ព្រះ​គុណ​របស់​ព្រះ​គ្រីស្ទ​។—MONICA BRANDS