នៅសហរដ្ឋអាមេរិក ការប្រកួតជិះគោឡើងកមិនទាន់ផ្សាំង គឺជាកីឡាដ៏ពេញនិយម។ គេសង្កេតឃើញអ្នកប្រកួតខ្លះកំបុតមេដៃ។ វាជារបួសដែលបានកើតឡើងជាធម្មតា នៅក្នុងកីឡារនេះ នៅពេលដែលមេដៃរបស់ពួកគេទាក់ជាប់នឹងខ្សែ ហើយកម្លាំងទាញកន្រ្តាក់មួយទំហឹងរបស់សត្វគោ ក៏បានបណ្តាលឲ្យគេបាត់បង់មេដៃនោះ។ បញ្ហានេះមិនបានបញ្ចប់អាជីពរបស់ពួកគេទេ ប៉ុន្តែ អវត្តមានរបស់មេដៃបាននាំមកនូវការពិបាកជាច្រើន។ អ្នកនឹងដឹងថា វាពិបាកប៉ុណ្ណា ពេលដែលអ្នកព្យាយាមដុះធ្មេញ ឬដាក់លេវអាវ សិតសក់របស់អ្នក ចងខ្សែស្បែកជើង ឬមួយព្យាយាមញាំអាហារ ដោយមិនប្រើមេដៃជាជំនួយ។ មេដៃជាអវយវៈដ៏តូច នៃរូបកាយរបស់យើង ដែលយើងច្រើនតែមើលរំលងតួនាទីដ៏សំខាន់របស់វា។
សាវ័កប៉ុលបានលើកឡើងអំពីបញ្ហាស្រដៀងគ្នានេះ នៅក្នុងពួកជំនុំ។ សមាជិកពួកជំនុំដែលគេមិនសូវចាប់អារម្មណ៍ ឬកម្របញ្ចេញយោបល់ ជួនកាលមានអារម្មណ៍ថា អ្នកដទៃហាក់ដូចជាមិនត្រូវការពួកគេ(១កូរិនថូស ១២:២១)។ តាមធម្មតា គេមិនលើកយកបញ្ហានេះមកនិយាយទេ ប៉ុន្តែ ពេលខ្លះ បញ្ហានេះក៏បានក្លាយជារឿងធំ។
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យមានការយកចិត្តទុកដាក់ និងការគោរព ចំពោះគ្នាទៅវិញទៅមក ឲ្យស្មើភាពគ្នា(ខ.២៥)។ យើងម្នាក់ៗគឺជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ(ខ.២៧) ទោះយើងបានទទួលអំណោយទានអ្វីក៏ដោយ ហើយយើងក៏ត្រូវការគ្នាទៅវិញទៅមក។ ក្នុងចំណោមយើង មានអ្នកខ្លះបានបំពេញតួនាទីជាភ្នែក និងច្រមុះក្នុងក្រុមជំនុំ ហើយអ្នកខ្លះទៀតមានតួនាទីដូចមេដៃ។ ប៉ុន្តែ យើងម្នាក់ៗសុទ្ធតែមានតួនាទីសំខាន់ដូចគ្នា ក្នុងរូបកាយព្រះគ្រីស្ទ ហើយជួនកាល លើសពីការយល់ឃើញរបស់យើងទៀតផង។ —JOHN BLASÉ