លោករ៉ូបឺត(Robert) និងអ្នកស្រីខូលីន(Colleen) បានរស់នៅជាប្តីប្រពន្ធ យ៉ាងសុខសាន្តអស់ជាច្រើនទសវត្សរ៍មកហើយ។ ខ្ញុំពិតជាចូលចិត្តមើលមិត្តភក្តិទាំងពីរនាក់នេះទំនាក់ទំនងគ្នា។ ខ្ញុំឃើញពួកគេហុចបឺរឲ្យគ្នា ក្នុងពេលអាហារពេលល្ងាច ទាំងមុនពេលដែលពួកគេណាម្នាក់សុំបឺរនោះ។ ពួកគេក៏បានចាក់ទឹកចូលកែវឲ្យគ្នា ចំពេលដែលគូរស្នេហ៍របស់ខ្លួនត្រូវការទឹក។ ពេលពួកគេនិយាយរឿង ពួកគេក៏បានជួយបញ្ចប់ឃ្លាប្រយោគឲ្យគ្នាទៀត។ ជួនកាល ពួកគេហាក់ដូចជាដឹងថា ស្វាមីឬភរិយាខ្លួនកំពុងគិតពីអ្វី។
យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ជ្រាប ហើយយកព្រះទ័យទុកដាក់ចំពោះយើង លើសលទ្ធភាពដែលមនុស្សអាចស្គាល់ និងយកចិត្តទុកដាក់ចំពោះយើង។ ពេលដែលហោរាអេសាយពិពណ៌នា អំពីទំនាក់ទំនងដែលព្រះជាម្ចាស់ មានជាមួយរាស្រ្តរបស់ព្រះអង្គ នៅក្នុងនគរដែលត្រូវមកដល់ គាត់បាននិយាយថា ព្រះអង្គមានទំនាក់ទំនងដ៏ទន់ភ្លន់ និងជិតស្និទ្ធជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានមានបន្ទូលអំពីរាស្រ្តរបស់ព្រះអង្គថា មុនពេលដែលពួកគេអំពាវនាវរកព្រះអង្គ នោះព្រះអង្គក៏បានឆ្លើយតបរួចទៅហើយ ហើយកាលដែលពួកគេកំពុងតែនិយាយ នោះព្រះអង្គក៏ជ្រាបថា ពួកគេនឹងនិយាយពីអ្វី(អេសាយ ៦៥:២៤)។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា នេះជាការពិតមែន? មានការជាច្រើន ដែលខ្ញុំបានអធិស្ឋានទូលសូមអស់ជាច្រើនឆ្នាំ តែមិនបានទទួលការឆ្លើយតប។ តែខ្ញុំជឿថា ពេលណាយើងមានការលូតលាស់ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ ដោយមានចិត្តដែលស្របនឹងព្រះទ័យព្រះអង្គ នោះយើងអាចរៀនទុកចិត្តថា ព្រះអង្គនឹងឆ្លើយតបតាមពេលវេលា និងព្រះទ័យរបស់ព្រះអង្គ។ ពេលនោះ យើងអាចចាប់ផ្តើមមានសេចក្តីប្រាថ្នា ដែលត្រូវតាមបំណងព្រះទ័យទ្រង់។ ពេលយើងអធិស្ឋាន យើងអាចទូលសូមនូវសេចក្តី ដែលបានពិពណ៌នា ក្នុងបទគម្ពីរអេសាយ ជំពូក៦៥ ដែលមានដូចជា : ចុងបញ្ចប់នៃការសោកសង្រេង(ខ.១៩) គ្រួសារដ៏សុខសាន្ត និងមានអាហារគ្រប់គ្រាន់ ក៏ដូចជាការងារសមរម្យសម្រាប់មនុស្សទាំងអស់(ខ.២១-២៣) និងសុខសន្តិភាពជាដើម(ខ.២៥)។ ពេលណានគរព្រះមកដល់ទាំងស្រុង ព្រះជាម្ចាស់នឹងឆ្លើយតប ចំពោះការអធិស្ឋានទាំងនេះទាំងស្រុង។ —AMY PETERSON