អស់​រយៈ​ពេល​១២​ឆ្នាំ​ហើយ ដែល​សត្វ​រំពេរ​មួយ​ក្បាល ឈ្មោះ​ឆឺពី​(Chirpy) បាន​មក​លេង​បុរស​ម្នាក់ ជា​រៀង​រាល់​ថ្ងៃ បន្ទាប់​ពី​បុរស​នោះ​បាន​ជួយ​ព្យាបាល​ជើង​របស់​វា ដែល​បាន​បាក់។ កាល​នោះ លោក​ចន(John) បាន​ប្រើ​នំ​របស់​ឆ្កែ ដើម្បី​​ទាក់​ទាញ​ឆឺពី ឲ្យ​ចូល​មក​ក្បែរ​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ព្យាបាល​វា ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ។ ឆឺពី​រស់​នៅ តែ​ក្នុង​តំបន់​ឆ្នេរ​អ៊ីន​ស្តូ នៅ​ខេត្ត​ដេវ៉ុន ប្រទេស​អស់​គ្លេស​ប៉ុណ្ណោះ ប៉ុន្តែ នៅ​ចន្លោះ​ខែ​កញ្ញា និង​ខែ​មីនា វា និង​លោក​ចន​មិន​ពិបាក​រក​គ្នា​ឡើយ ដោយ​វា​ហើរ​តម្រង់​ទៅ​រក​គាត់​តែ​ម្តង ពេល​ណា​គាត់​មក​ដល់​ឆ្នេរ នៅ​ថ្ងៃនីមួយ​ៗ តែ​វា​មិន​ដែល​ហើរ​ទៅ​រក​អ្នក​ផ្សេង​ឡើយ។ នេះ​ពិត​ជា​ទំនាក់​ទំនង​ដែល​មិន​ធម្មតា។

ចំណង​ទាក់​ទង​រវាង​លោក​ចន និង​ឆឺពី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​មិន​ធម្មតា​មួយ​ទៀត រវាង​បុរស​ម្នាក់ និងសត្វ​បក្សី​មួយ​ប្រភេទ។ ពេល​លោក​អេលីយ៉ា ដែល​ជា​ហោរា​របស់​ព្រះ បាន​ទទួល​បង្គាប់​របស់​ព្រះ ឲ្យ​ចូល​ទៅ​ក្នុង​វាល​រហោ​ស្ថាន ដើម្បី “លាក់​ខ្លួន​ក្នុង​ជ្រោះ​កេរីត” ក្នុង​អំឡុង​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត។ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់គាត់​ឲ្យ​ផឹក​ទឹក​ជ្រោះ ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​សត្វ​ក្អែក​ឲ្យ​ពាំ​អាហារ​មក​ឲ្យ​គាត់​(១ពង្សាវតាក្សត្រ ១៧:៣-៤)។ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈ​ទេសៈ និង​បរិយាកាស​ពិបាក​យ៉ាង​ណា​ក្តី ព្រះ​ជា​ម្ចាស់​មិន​ឲ្យ​គាត់​ខ្វះ​អាហារ និង​ទឹក​បរិភោគ​ឡើយ។ សត្វ​ក្អែក​មិន​សម​ជា​អ្នក​ផ្គត់​ផ្គង់​អាហារ​ដល់​មនុស្ស​ឡើយ  ព្រោះ​តាម​ធម្មតា វា​រក​ចំណី​ដែល​មិន​ល្អសម្រាប់​តែ​ខ្លួន​វា​ប៉ុណ្ណោះ តែ​ពួក​វា​បាន​នាំ​អាហារ​ដ៏​សម​រម្យ ឲ្យ​លោក​អេលីយ៉ា​បរិភោគ។

យើង​ប្រហែល​ជា​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​បាន​ដឹង​ថា បុរស​ម្នាក់​បាន​ជួយ​សត្វ​បក្សី​មួយ​ក្បាល ប៉ុន្តែ ពេល​ដែលយើង​ដឹង​ថា សត្វ​ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ឲ្យ​មនុស្ស​ម្នាក់ រាល់​ព្រឹក​រាល់​ល្ងាច នោះ​យើង​អាច​សន្និ​ដ្ឋាន​ថា រឿង​នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​តែ​អំណាច​ចេស្តា និង​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​ជា​ម្ចាស់(ខ.៦)។ យើង​ក៏អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​ក៏​នឹង​ផ្គត់​ផ្គង់​យើង ដូច​លោក​អេលីយ៉ា​ផង​ដែរ។​—KIRSTEN HOLMBERG