អស់រយៈពេល១២ឆ្នាំហើយ ដែលសត្វរំពេរមួយក្បាល ឈ្មោះឆឺពី(Chirpy) បានមកលេងបុរសម្នាក់ ជារៀងរាល់ថ្ងៃ បន្ទាប់ពីបុរសនោះបានជួយព្យាបាលជើងរបស់វា ដែលបានបាក់។ កាលនោះ លោកចន(John) បានប្រើនំរបស់ឆ្កែ ដើម្បីទាក់ទាញឆឺពី ឲ្យចូលមកក្បែរគាត់ ហើយបន្ទាប់មក គាត់ក៏បានព្យាបាលវា ឲ្យមានសុខភាពល្អឡើងវិញ។ ឆឺពីរស់នៅ តែក្នុងតំបន់ឆ្នេរអ៊ីនស្តូ នៅខេត្តដេវ៉ុន ប្រទេសអស់គ្លេសប៉ុណ្ណោះ ប៉ុន្តែ នៅចន្លោះខែកញ្ញា និងខែមីនា វា និងលោកចនមិនពិបាករកគ្នាឡើយ ដោយវាហើរតម្រង់ទៅរកគាត់តែម្តង ពេលណាគាត់មកដល់ឆ្នេរ នៅថ្ងៃនីមួយៗ តែវាមិនដែលហើរទៅរកអ្នកផ្សេងឡើយ។ នេះពិតជាទំនាក់ទំនងដែលមិនធម្មតា។
ចំណងទាក់ទងរវាងលោកចន និងឆឺពី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំនាក់ទំនងមិនធម្មតាមួយទៀត រវាងបុរសម្នាក់ និងសត្វបក្សីមួយប្រភេទ។ ពេលលោកអេលីយ៉ា ដែលជាហោរារបស់ព្រះ បានទទួលបង្គាប់របស់ព្រះ ឲ្យចូលទៅក្នុងវាលរហោស្ថាន ដើម្បី “លាក់ខ្លួនក្នុងជ្រោះកេរីត” ក្នុងអំឡុងពេលដែលមានគ្រោះរាំងស្ងួត។ ព្រះជាម្ចាស់បានប្រាប់គាត់ឲ្យផឹកទឹកជ្រោះ ហើយព្រះអង្គក៏បានចាត់សត្វក្អែកឲ្យពាំអាហារមកឲ្យគាត់(១ពង្សាវតាក្សត្រ ១៧:៣-៤)។ ទោះគាត់ស្ថិតក្នុងកាលៈទេសៈ និងបរិយាកាសពិបាកយ៉ាងណាក្តី ព្រះជាម្ចាស់មិនឲ្យគាត់ខ្វះអាហារ និងទឹកបរិភោគឡើយ។ សត្វក្អែកមិនសមជាអ្នកផ្គត់ផ្គង់អាហារដល់មនុស្សឡើយ ព្រោះតាមធម្មតា វារកចំណីដែលមិនល្អសម្រាប់តែខ្លួនវាប៉ុណ្ណោះ តែពួកវាបាននាំអាហារដ៏សមរម្យ ឲ្យលោកអេលីយ៉ាបរិភោគ។
យើងប្រហែលជាមិនភ្ញាក់ផ្អើលទេ ពេលដែលបានដឹងថា បុរសម្នាក់បានជួយសត្វបក្សីមួយក្បាល ប៉ុន្តែ ពេលដែលយើងដឹងថា សត្វក្អែកតែងពាំនំបុ័ង និងសាច់មកឲ្យមនុស្សម្នាក់ រាល់ព្រឹករាល់ល្ងាច នោះយើងអាចសន្និដ្ឋានថា រឿងនេះអាចកើតឡើងបាន ដោយសារតែអំណាចចេស្តា និងព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់(ខ.៦)។ យើងក៏អាចទុកចិត្តថា ព្រះអង្គក៏នឹងផ្គត់ផ្គង់យើង ដូចលោកអេលីយ៉ាផងដែរ។—KIRSTEN HOLMBERG