តាំងពីក្មេងមក ជែកសិន(Jackson) បានស្រមៃថា គាត់នឹងក្លាយជាកងទ័ពពិសេស នេវិ សៀល របស់អាមេរិក គឺជាក្តីប្រាថ្នាធំមួយ ដែលបាននាំឲ្យគាត់មានការលត់ដុំផ្លូវកាយ និងការលះបង់ផ្ទាល់ខ្លួន អស់ជាច្រើនឆ្នាំ។ ទីបំផុត គាត់ក៏បានឆ្លងកាត់ការប្រឡងកម្លាំង និងការសូទ្រាំ ដែលពិបាក និងហត់នឿយយ៉ាងខ្លាំង បានជាអ្នកហ្វឹកហាត់ទាំងឡាយ បានដាក់រហ័សនាម ឲ្យការប្រឡងនោះថា “សប្តាហ៍នរក”។
ជេកសិនមិនមានសមត្ថភាពផ្លូវកាយគ្រប់គ្រាន់ ដើម្បីបញ្ចប់ការហ្វឹកហាត់ដ៏ហត់នឿយនេះឡើយ ហើយក៏បានចុចកណ្តឹង ដោយការស្ទាក់ស្ទើរ ឲ្យមេបញ្ជាការ និងអ្នកហ្វឹកហាត់ដទៃទៀតដឹងថា គាត់បានសម្រេចចិត្តចាកចេញពីកម្មវិធីនេះហើយ។ មនុស្សភាគច្រើនប្រហែលជាគិតថា នេះជាបរាជ័យរបស់គាត់។ ជែកសិនមានការខកចិត្តយ៉ាងខ្លាំងនៅពេលនោះ តែក្រោយមក គាត់ក៏បានដឹងថា បរាជ័យក្នុងការហ្វឹកហាត់ធ្វើទាហាននេះ បានរៀបចំខ្លួនគាត់ សម្រាប់ការងារប្រចាំជីវិតរបស់គាត់។
សាវ័កពេត្រុសក៏ធ្លាប់ឆ្លងកាត់បរាជ័យផ្ទាល់ខ្លួនផងដែរ។ គាត់បានប្រកាស់ ដោយចិត្តក្លាហានថា គាត់នឹងនៅតែស្មោះត្រង់ចំពោះព្រះយេស៊ូវជានិច្ច ទោះគាត់ត្រូវជាប់គុក ឬស្លាប់ក៏ដោយ(លូកា ២២:៣៣)។ តែក្រោយមក គាត់ក៏បានទួញយំ ដោយចិត្តល្វីងជូរចត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានបដិសេធនៅចំពោះមុខគេថា គាត់មិនស្គាល់ព្រះយេស៊ូវ(ខ.៦០-៦២)។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់ គឺមិនគ្រាន់តែបានឲ្យគាត់ឆ្លងកាត់បរាជ័យនេះប៉ុណ្ណោះឡើយ។ មុនពេលលោកពេត្រុសបដិសេធព្រះយេស៊ូវ ព្រះអង្គបានប្រាប់គាត់ថា “អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ម៉ាថាយ ១៦:១៨ និង លូកា ២២:៣១-៣២)។
តើអ្នកកំពុងតែជួបបរាជ័យ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនសក្តិសម ឬមិនមានលក្ខណៈសម្បត្តិ ដើម្បីបន្តដំណើរទៅមុខទៀតឬ? ចូរកុំបណ្តោយឲ្យបរាជ័យរារាំងអ្នក មិនឲ្យស្គាល់បំណងព្រះទ័យដ៏អស្ចារ្យបំផុត ដែលព្រះអង្គមានសម្រាប់អ្នកនោះឡើយ។—Evan Morgan