តាំង​ពី​ក្មេង​មក ជែក​សិន(Jackson) បាន​ស្រមៃ​ថា គាត់​នឹង​ក្លាយ​ជា​កង​ទ័ព​ពិសេស នេវិ សៀល របស់​អាមេរិក គឺ​ជា​ក្តី​ប្រាថ្នា​ធំ​មួយ ដែល​បាន​នាំ​ឲ្យ​គាត់​មាន​ការ​លត់​ដុំ​ផ្លូវ​កាយ និង​ការ​លះ​បង់​ផ្ទាល់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ ទី​បំផុត​ គាត់​ក៏​បាន​ឆ្លង​កាត់​ការ​ប្រឡង​កម្លាំង និង​ការ​សូទ្រាំ ដែល​ពិបាក និង​ហត់​នឿយ​យ៉ាង​ខ្លាំង បាន​ជា​អ្នក​ហ្វឹក​ហាត់​ទាំង​ឡាយ បាន​ដាក់​រហ័ស​នាម ឲ្យ​ការ​ប្រឡង​នោះ​ថា “សប្តាហ៍​នរក”។

ជេកសិន​មិន​មាន​សមត្ថ​ភាព​ផ្លូវ​កាយ​គ្រប់​គ្រាន់ ដើម្បី​បញ្ចប់​ការ​ហ្វឹក​ហាត់​ដ៏​ហត់​នឿយ​នេះ​ឡើយ ហើយ​ក៏​បាន​ចុច​កណ្តឹង ដោយ​ការ​ស្ទាក់​ស្ទើរ ឲ្យ​មេ​បញ្ជា​ការ និង​អ្នក​ហ្វឹក​ហាត់​ដទៃ​ទៀត​ដឹង​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ម​វិធី​នេះ​ហើយ។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា នេះ​ជា​បរា​ជ័យ​របស់​គាត់។ ជែក​សិន​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ តែ​ក្រោយ​មក គាត់​ក៏​បាន​ដឹង​ថា បរាជ័យ​ក្នុង​ការ​ហ្វឹក​ហាត់​ធ្វើ​ទាហាន​នេះ ​បាន​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ការងារ​ប្រចាំ​ជីវិត​របស់​គាត់។

សាវ័ក​ពេត្រុស​ក៏​ធ្លាប់​ឆ្លង​កាត់​បរាជ័យ​ផ្ទាល់​ខ្លួន​ផង​ដែរ។ គាត់​បាន​ប្រកាស់ ដោយ​ចិត្ត​ក្លាហាន​ថា គាត់​នឹង​នៅ​តែស្មោះ​ត្រង់​ចំពោះ​ព្រះ​យេស៊ូវ​ជា​និច្ច ទោះ​គាត់​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏​ដោយ​(លូកា ២២:៣៣)។ តែ​ក្រោយ​មក គាត់​ក៏​បាន​ទួញ​យំ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គាត់​បាន​បដិសេធ​នៅ​ចំពោះ​មុខ​គេ​ថា គាត់​មិន​ស្គាល់​ព្រះ​យេស៊ូវ(ខ.៦០-៦២)។ ប៉ុន្តែ ព្រះជា​ម្ចាស់​មាន​ផែន​ការ​សម្រាប់​គាត់ គឺ​មិន​គ្រាន់​តែ​បាន​ឲ្យ​គាត់​ឆ្លង​កាត់​បរាជ័យ​នេះ​ប៉ុណ្ណោះ​ឡើយ។ មុន​ពេល​លោក​ពេត្រុស​បដិសេធ​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ប្រាប់​គាត់​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹងតាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ​”(ម៉ាថាយ ១៦:១៨ និង លូកា ២២:៣១-៣២)។

តើ​អ្នក​កំពុង​តែ​ជួប​បរាជ័យ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា មិន​សក្តិ​សម ឬ​មិន​មាន​លក្ខណៈ​សម្បត្តិ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​ឬ? ចូរ​កុំ​បណ្តោយ​ឲ្យ​បរា​ជ័យ​រារាំង​អ្នក មិន​ឲ្យ​ស្គាល់​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះអង្គ​មាន​សម្រាប់​អ្នក​នោះ​ឡើយ។—Evan Morgan