មាន​ពេល​មួយ ខ្ញុំ​បាន​បត់​ឡាន​ចូល​តាម​ផ្លូវ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ដោយ​បោយ​ដៃ​ដាក់​អ្នក​ស្រី​ម៉ារាម(Mariam) និង​កូន​ស្រី​តូច​របស់​គាត់ ឈ្មោះ​អេឡេហ្សាប៊ែត(Elizabeth) ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ ខ្ញុំ​និង​អ្នក​ស្រី​ម៉ារាម​ច្រើន​តែ​ជជែកគ្នា​លេង ដោយ​មិន​បាន​ព្រៀង​ទុក ដោយ​សន្យា​ថា យើង​នឹង​ជែក​គ្នា​តែ​ពីរ​បី​នាទី​ទេ តែ​ជា​ញឹក​ញាប់ យើង​បាន​ជជែកលើស​ពីរ​បី​នាទី។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អេឡេហ្សាប៊ែត​បាន​ទម្លាប់​ខ្លួន​នឹង​ការ​ជជែក​គ្នា​លេង ដែល​មិន​បាន​ព្រៀង​ទុក​នេះ ដែល​ជា​ញឹក​ញាប់ វា​បាន​ប្រែ​ក្លាយ​ជា​ការ​ជួប​ជុំ​គ្នា​អធិស្ឋាន។ នាង​ឡើង​ដើម​ឈើ ដែល​បាន​ដុះ​នៅ​ចំ​កណ្តាល​ទី​ធ្លា​មុខ​ផ្ទះ​របស់​នាង ដោយ​សំយ៉ុង​ជើង​នៅ​លើ​មែក​ឈើ ហើយ​រវល់​លេង​តែ​ម្នាក់​ឯង ខណៈ​ពេល​ដែល​ខ្ញុំ និង​ម្តាយ​នាង​ជជែក​គ្នា។ មួយ​សន្ទុះ​ក្រោយ​មក អេលីហ្សាប៊ែត​ក៏​បាន​លោត​ចុះ​ពី​លើ​ដើម​ឈើ​នោះ ហើយ​រត់​មក​កន្លែង​ដែល​យើង​កំពុង​តែ​ឈរ។ នាង​ក៏​បាន​ចាប់​ដៃយើង ដោយ​ទឹក​មុខ​ញញឹម ហើយ​បន្លឺ​សម្លេង​ដែល​ស្ទើរ​តែ​ពិរោះ​ដូចបទ​ចម្រៀង​ថា “តោះ​យើង​អធិស្ឋាន​ទៀត” ។ អេលីហ្សាប៊ែត​នៅ​ក្មេង តែ​ហាក់​ដូច​ជា​ដឹង​ថា ការ​អធិស្ឋាន​មាន​សារៈ​សំខាន់​ប៉ុណ្ណា ក្នុង​ទំនាក់​ទំនង​របស់​យើង។​

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ ឲ្យ “មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់” (អេភេសូរ ៦:១០) ហើយ​បន្ទាប់​មក គាត់​ក៏​បាន​លើក​ឡើង អំពី​តួនាទី​ដ៏​សំខាន់ នៃ​ការ​អធិស្ឋាន​ជាប់​ជា​និច្ច។ គាត់​បានពិពណ៌នា អំពី​ភាព​ចាំ​បាច់​នៃ​គ្រឿង​សឹក ដែល​រាស្រ្ត​របស់​ព្រះ​ត្រូវ​ការ ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​អម្ចាស់ ដែល​ទ្រង់ប្រទាន​នូវ​ការ​ការពារ ការ​យល់​ដឹង និង​ជំនឿ ក្នុង​សេចក្តី​ពិត​របស់​ព្រះ​អង្គ(ខ.១១-១៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា កម្លាំង​ដែល​ព្រះ​អង្គ​ប្រទាន គឺ​កើត​ចេញ​ពី​ការ​អធិស្ឋាន ជា​អំណោយ​ដែល​នាំ​មក​នូវ​ជីវិត(ខ.១៨-២០)។

ព្រះ​ជា​ម្ចាស់​ស្តាប់ និង​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​ក្តី​កង្វល់​ ដែល​យើង​ទូល​ថ្វាយ​ព្រះអង្គ ដោយ​ការ​អធិស្ឋាន​ឮ​ៗ ឬ​ខ្សិប​ៗ ឬ​ក៏​អធិស្ឋាន​តែ​ក្នុង​ជម្រៅ​ចិត្ត ដែល​កំពុង​ឈឺ​ចាប់។ ព្រះ​អង្គ​តែង​តែ​ត្រៀម​ខ្លួន ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ឡើង ក្នុង​អំណាច​ព្រះ​អង្គ ដោយ​ត្រាស់ហៅ​យើង ឲ្យ​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត។—Xochitl Dixon