មានពេលមួយ ខ្ញុំបានបត់ឡានចូលតាមផ្លូវក្នុងទីធ្លាផ្ទះខ្ញុំ ដោយបោយដៃដាក់អ្នកស្រីម៉ារាម(Mariam) និងកូនស្រីតូចរបស់គាត់ ឈ្មោះអេឡេហ្សាប៊ែត(Elizabeth) ដែលជាអ្នកជិតខាងរបស់ខ្ញុំ។ ខ្ញុំនិងអ្នកស្រីម៉ារាមច្រើនតែជជែកគ្នាលេង ដោយមិនបានព្រៀងទុក ដោយសន្យាថា យើងនឹងជែកគ្នាតែពីរបីនាទីទេ តែជាញឹកញាប់ យើងបានជជែកលើសពីរបីនាទី។ ប៉ុន្មានឆ្នាំកន្លងមកនេះ អេឡេហ្សាប៊ែតបានទម្លាប់ខ្លួននឹងការជជែកគ្នាលេង ដែលមិនបានព្រៀងទុកនេះ ដែលជាញឹកញាប់ វាបានប្រែក្លាយជាការជួបជុំគ្នាអធិស្ឋាន។ នាងឡើងដើមឈើ ដែលបានដុះនៅចំកណ្តាលទីធ្លាមុខផ្ទះរបស់នាង ដោយសំយ៉ុងជើងនៅលើមែកឈើ ហើយរវល់លេងតែម្នាក់ឯង ខណៈពេលដែលខ្ញុំ និងម្តាយនាងជជែកគ្នា។ មួយសន្ទុះក្រោយមក អេលីហ្សាប៊ែតក៏បានលោតចុះពីលើដើមឈើនោះ ហើយរត់មកកន្លែងដែលយើងកំពុងតែឈរ។ នាងក៏បានចាប់ដៃយើង ដោយទឹកមុខញញឹម ហើយបន្លឺសម្លេងដែលស្ទើរតែពិរោះដូចបទចម្រៀងថា “តោះយើងអធិស្ឋានទៀត” ។ អេលីហ្សាប៊ែតនៅក្មេង តែហាក់ដូចជាដឹងថា ការអធិស្ឋានមានសារៈសំខាន់ប៉ុណ្ណា ក្នុងទំនាក់ទំនងរបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿ ឲ្យ “មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់” (អេភេសូរ ៦:១០) ហើយបន្ទាប់មក គាត់ក៏បានលើកឡើង អំពីតួនាទីដ៏សំខាន់ នៃការអធិស្ឋានជាប់ជានិច្ច។ គាត់បានពិពណ៌នា អំពីភាពចាំបាច់នៃគ្រឿងសឹក ដែលរាស្រ្តរបស់ព្រះត្រូវការ ក្នុងការដើរជាមួយព្រះអម្ចាស់ ដែលទ្រង់ប្រទាននូវការការពារ ការយល់ដឹង និងជំនឿ ក្នុងសេចក្តីពិតរបស់ព្រះអង្គ(ខ.១១-១៧)។ ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយសង្កត់ធ្ងន់ថា កម្លាំងដែលព្រះអង្គប្រទាន គឺកើតចេញពីការអធិស្ឋាន ជាអំណោយដែលនាំមកនូវជីវិត(ខ.១៨-២០)។
ព្រះជាម្ចាស់ស្តាប់ និងយកព្រះទ័យទុកដាក់ ចំពោះក្តីកង្វល់ ដែលយើងទូលថ្វាយព្រះអង្គ ដោយការអធិស្ឋានឮៗ ឬខ្សិបៗ ឬក៏អធិស្ឋានតែក្នុងជម្រៅចិត្ត ដែលកំពុងឈឺចាប់។ ព្រះអង្គតែងតែត្រៀមខ្លួន ធ្វើឲ្យយើងមានកម្លាំងឡើង ក្នុងអំណាចព្រះអង្គ ដោយត្រាស់ហៅយើង ឲ្យអធិស្ឋានម្តងហើយម្តងទៀត។—Xochitl Dixon