មានពេលមួយ ខ្ញុំបានឃើញគេលក់របស់មួយទឹក ដើម្បីរៃអង្គាសប្រាក់។ ខ្ញុំក៏បានឃើញចង្កៀងអគ្គីសនី ដែលហាក់ដូចជាមានភាពល្អឥតខ្ចោះ សម្រាប់ការិយាល័យក្នុងផ្ទះខ្ញុំ ដោយវាមានពណ៌ ទំហំ និងតម្លៃដែលសមនឹងបន្ទប់នោះណាស់។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយកឌុយវាទៅដោតចូលព្រី តែមិនឃើញមានអ្វីកើតឡើងសោះ។ អំពូលវាមិនភ្លឺ គឺគ្មានភ្លើងចូលវាសោះ។
ស្វាមីរបស់ខ្ញុំក៏បានប្រាប់ខ្ញុំថា គាត់អាចជួសជុលវាបាន គឺមិនពិបាកទេ។ ពេលគាត់បើកមើលគ្រឿងក្នុងរបស់ចង្កៀងនោះ ហើយក៏បានដឹងអំពីមូលហេតុដែលវាមិនភ្លឺ។ ខ្សែរបស់វាមិនបានតភ្ជាប់នឹងអ្វីទេ។ បើចង្កៀងនោះមិនបានតភ្ជាប់នឹងប្រភពថាមពលអគ្គីសនីទេ នោះចង្កៀងដែលហាក់ដូចជាល្អឥតខ្ចោះនេះ គ្មានប្រយោជន៍អ្វីទេ។
ជីវិតខាងវិញ្ញាណរបស់យើងក៏មានលក្ខណៈដូចនេះផងដែរ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សព្រះអង្គថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”។ បន្ទាប់មក ព្រះអង្គក៏បានរំឭកថា “បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន ១៥:៥)។
ព្រះអង្គបានប្រទានសេចក្តីបង្រៀននេះ នៅក្នុងតំបន់ដែលគេដាំដុះដំណាំទំពាំងបាយជូរ ដូចនេះ ពួកសិស្សរបស់ព្រះអង្គមិនពិបាកយល់ទេ។ ដើមទំពាំងបាយជូរជាដំណាំដែលធន់ណាស់ ហើយមែករបស់វាអាចទ្រាំទ្រការលួសជាញឹកញាប់។ បើយើងកាត់មែកវាចេញពីដើម ដែលជាប្រភពនៃជីវិតវា នោះមែកនោះនឹងក្លាយជាឈើដែលគ្មានជីវិត គ្មានតម្លៃ។ យើងក៏អញ្ចឹងដែរ។
កាលណាយើងនៅជាប់ក្នុងព្រះយេស៊ូវ ហើយនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ នោះមានន័យថា យើងបានតភ្ជាប់ជីវិតយើង នឹងព្រះយេស៊ូវ ដែលជាប្រភពនៃជីវិត។ ព្រះយេស៊ូវមានបន្ទូលថា “ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន” (ខ.៨)។ ដើម្បីឲ្យយើងបង្កើតផលផ្លែបានច្រើន យើងត្រូវការជីវជាតិជារៀងរាល់ថ្ងៃ ដែលព្រះអង្គបានប្រទាន តាមរយៈព្រះគម្ពីរ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ដូចនេះ ចូរយើងនៅជាប់ព្រះអង្គជានិច្ច!—Patricia Raybon