មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​គេ​លក់​របស់​មួយ​ទឹក ដើម្បី​រៃ​អង្គាស​ប្រាក់។ ខ្ញុំ​ក៏​បាន​ឃើញ​ចង្កៀង​អគ្គី​សនី ដែល​ហាក់​ដូច​ជា​មាន​ភាព​ល្អ​ឥតខ្ចោះ សម្រាប់​ការិយា​ល័យ​ក្នុង​ផ្ទះ​ខ្ញុំ ដោយ​វា​មាន​ពណ៌ ទំហំ និង​តម្លៃ​ដែល​សម​នឹង​បន្ទប់​នោះ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​យក​ឌុយ​វា​ទៅ​ដោត​ចូល​ព្រី តែ​មិន​ឃើញ​មាន​អ្វីកើត​ឡើង​សោះ។ អំពូល​វា​មិន​ភ្លឺ គឺ​គ្មាន​ភ្លើង​ចូល​វា​សោះ។

ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​ជួស​ជុល​វា​បាន គឺ​មិន​ពិបាក​ទេ។ ពេល​គាត់​បើក​មើល​គ្រឿង​ក្នុង​របស់​ចង្កៀង​នោះ ហើយ​ក៏​បាន​ដឹង​អំពី​មូល​ហេតុ​ដែល​វា​មិន​ភ្លឺ។ ខ្សែ​របស់​វា​មិន​បាន​តភ្ជាប់​នឹង​អ្វី​ទេ។ បើ​ចង្កៀង​នោះ​មិនបាន​តភ្ជាប់​នឹង​ប្រភព​ថាម​ពល​អគ្គី​សនី​ទេ នោះ​ចង្កៀង​ដែល​ហាក់​ដូច​ជា​ល្អ​ឥត​ខ្ចោះ​នេះ គ្មាន​ប្រយោជន៍​អ្វី​ទេ។​

ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ព្រះអង្គ​ថា “ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន”។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​រំឭក​ថា “​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។

ព្រះ​អង្គ​បាន​ប្រទាន​សេចក្តី​បង្រៀន​នេះ នៅ​ក្នុង​តំបន់​ដែល​គេ​ដាំ​ដុះ​ដំណាំ​ទំពាំង​បាយ​ជូរ ដូច​នេះ ពួក​សិស្ស​របស់ព្រះ​អង្គ​មិន​ពិបាក​យល់​ទេ។ ដើម​ទំពាំង​បាយ​ជូរ​ជា​ដំណាំ​ដែល​ធន់​ណាស់ ហើយ​មែក​របស់វា​អាច​​ទ្រាំ​ទ្រ​ការ​លួស​ជា​ញឹកញាប់​។ ​បើ​យើង​កាត់​មែក​វា​ចេញ​ពី​ដើម ដែល​ជា​ប្រភព​នៃ​ជីវិត​វា នោះ​មែក​នោះ​នឹង​ក្លាយ​ជា​ឈើ​ដែល​គ្មាន​ជីវិត គ្មាន​តម្លៃ។ យើង​ក៏​អញ្ចឹង​ដែរ។

កាល​ណា​យើង​នៅ​ជាប់​ក្នុង​ព្រះ​យេស៊ូវ ហើយ​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ នោះ​មាន​ន័យ​ថា យើង​បាន​តភ្ជាប់​ជីវិត​យើង នឹង​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ជីវិត។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន” ​(ខ.៨)។ ដើម្បី​ឲ្យយើង​បង្កើត​ផល​ផ្លែ​បាន​ច្រើន យើង​ត្រូវ​ការ​ជីវ​ជាតិ​ជា​រៀង​រាល់​ថ្ងៃ ដែល​ព្រះ​អង្គ​បាន​ប្រទាន តាម​រយៈព្រះ​គម្ពីរ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ ដូច​នេះ ចូរ​យើង​នៅ​ជាប់​ព្រះ​អង្គ​ជា​និច្ច!—Patricia Raybon