ពេលដែលកូនច្បងរបស់ខ្ញុំ ចូលដល់វ័យជំទង់ ខ្ញុំ និងភរិយាខ្ញុំបានប្រគល់សៀវភៅកំណត់ហេតុមួយក្បាលឲ្យនាង ដែលយើងបានសរសេរតាំងពីនាងចាប់កំណើត។ យើងបានកត់ត្រា អំពីអ្វីដែលនាងចូលចិត្ត និងមិនចូលចិត្ត ក៏ដូចជាការអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចងចាំ។ នៅត្រង់ចំណុចខ្លះ សំណេររបស់យើងមានលក្ខណៈដូចសំបុត្រ ដោយវាបានពិពណ៌នា អំពីអ្វីដែលយើងបានមើលឃើញមានក្នុងជីវិតនាង និងឃើញរបៀបដែលព្រះអង្គកំពុងធ្វើការក្នុងជីវិតនាង។ ពេលយើងឲ្យសៀវភៅនោះទៅនាង ពេលនាងមានអាយុ១៣ឆ្នាំ នាងមានការជក់ចិត្តនឹងវាយ៉ាងខ្លាំង។ វាជាអំណោយ ដែលបានជួយឲ្យនាងដឹង អំពីផ្នែកដ៏សំខាន់មួយ នៃដើមកំណើតនៃអត្តសញ្ញាណរបស់នាង។
កាលព្រះយេស៊ូវលើកនំប៉័ងឡើង ដើម្បីប្រទានពរ គឺព្រះអង្គកំពុងតែបង្ហាញអត្តសញ្ញាណរបស់វា។ ព្រះអង្គបានបង្កើតវា និងអ្វីៗទាំងអស់មក ដើម្បីឆ្លុះបញ្ចាំង អំពីសិរីល្អរបស់ព្រះ។ ខ្ញុំជឿថា ព្រះយេស៊ូវក៏កំពុងតែចង្អុលបង្ហាញ អំពីអនាគតនៃពិភពលោកផងដែរ។ ថ្ងៃណាមួយ ស្នាព្រះហស្តទាំងអស់របស់ព្រះជាម្ចាស់ នឹងពេញទៅដោយសិរីល្អរបស់ព្រះ។ ដូចនេះ ពេលព្រះយេស៊ូវប្រទានពរដល់នំប៉័ងនោះ(ម៉ាថាយ ២៦:២៦) គឺព្រះអង្គកំពុងតែចង្អុលបង្ហាញ អំពីដើមកំណើត និងជោគវាសនា នៃស្នាព្រះហស្តព្រះអង្គ(រ៉ូម ៨:២១-២២)។
អ្នកប្រហែលជាមានអារម្មណ៍ថា “ដើមដំបូង”នៃឆាកជីវិតរបស់អ្នក ហាក់ដូចជាមានភាពរញេរញ៉ៃ។ អ្នកប្រហែលគិតថា អ្នកមិនមានអនាគតវែងឆ្ងាយទេ។ ប៉ុន្តែ រឿងនៃជីវិតរបស់អ្នក នៅវែងឆ្ងាយជាងនេះទៀត។ វាជារឿង ដែលនិយាយអំពីព្រះមួយអង្គ ដែលបានបង្កើតអ្នក ដោយមានគោលបំណង និងដើម្បីបំពេញគោលបំណង ហើយព្រះអង្គស្រឡាញ់អ្នក។ វាជារឿងដែលនិយាយអំពីព្រះដែលបានយាងមកសង្រ្គោះអ្នក(ម៉ាថាយ ២៦:២៨) និងបានដាក់វិញ្ញាណព្រះអង្គក្នុងអ្នក ដើម្បីឲ្យអ្នកប្រែជាថ្មីឡើង ហើយស្គាល់អត្តសញ្ញាណពិតរបស់អ្នក។ វាជារឿង ដែលនិយាយអំពីព្រះ ដែលសព្វព្រះទ័យនឹងប្រទានពរ អ្នក។—Glenn Packiam