កាលខ្ញុំរៀន នៅមហាវិទ្យាល័យ មានពេលមួយ ខ្ញុំបានទៅលេងផ្ទះ នៅពេលវិស្សមកាល។ ឪពុកម្តាយខ្ញុំក៏បាននាំខ្ញុំទៅញាំអាហារពេលល្ងាច នៅភោជនីដ្ឋានមួយ។ ខ្ញុំមិនបាននៅផ្ទះមួយរយៈ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែក ពេលដែលពួកគាត់ប៉ាវខ្ញុំញាំអាហារក្រៅផ្ទះ។ ពេលខ្ញុំញាំអាហាររួច ខ្ញុំក៏បានដាក់កន្សែងជូតមាត់នៅលើតុភោជនីដ្ឋាន ហើយក៏បានអរគុណប៉ាខ្ញុំ សម្រាប់អាហារពេលល្ងាច។ ប៉ាខ្ញុំក៏បានប្រាប់ខ្ញុំថា ខ្ញុំមិនចាំបាច់ត្រូវអរគុណគាត់គ្រប់រឿងនោះទេ។ គាត់ដឹងថា ខ្ញុំបានចេញទៅរស់នៅក្នុងសង្គម ដោយខ្លួនឯង តែខ្ញុំនៅតែជាកូនស្រីរបស់គាត់ និងជាផ្នែកមួយនៃគ្រួសារយើង។ ខ្ញុំក៏បានញញឹម ហើយនិយាយថា “អរគុណ ប៉ា”។
ក្នុងគ្រួសារខ្ញុំ ខ្ញុំមិនបានធ្វើអ្វីមួយ ដើម្បីទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់ខ្ញុំ ឬដើម្បីឲ្យពួកគាត់ ធ្វើអ្វីមួយសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែ ប្រសាសន៍របស់ប៉ាខ្ញុំ បានរំឭកខ្ញុំថា ខ្ញុំក៏មិនបានធ្វើអ្វីមួយ ដើម្បីឲ្យខ្លួនខ្ញុំសក្តិសមនឹងធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះដែរ។
ក្នុងកណ្ឌគម្ពីរអេភេសូរ សាវ័កប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេ “ប្រយោជន៍ឲ្យពួកគេបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន”(១:៤ ៥:២៥-២៧)។ តែការនេះអាចសម្រេចទៅបាន តាមរយៈព្រះយេស៊ូវ ដែលក្នុងទ្រង់ យើងបានសេចក្តីប្រោសលោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ (១:៧)។ យើងមិនអាចធ្វើការល្អណាមួយ ដើម្បីឲ្យបានព្រះគុណព្រះ ការអត់ទោសបាប ឬផ្លូវចូលទៅក្នុងមហាគ្រួសាររបស់ព្រះអង្គឡើយ។ តែយើងគ្រាន់តែទទួលយក អំណោយនេះ ដោយឥតគិតថ្លៃ។
ពេលណាយើងថ្វាយជីវិតយើងដល់ព្រះយេស៊ូវ យើងក្លាយជាកូនព្រះ បានសេចក្តីថា យើងទទួលជីវិតអស់កល្បជានិច្ច និងមានមរតកកំពុងរង់ចាំយើង នៅនគរស្ថានសួគ៌។ សូមសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ការប្រទានអំណោយដ៏អស្ចារ្យនេះ!—Julie Schwab