កាក់នីមួយៗ សុទ្ធតែមានផ្ទៃពីរ។ ក្នុងភាសាអង់គ្លេស គេហៅផ្ទៃខាងមុខថា “ក្បាល” ដែលតាមធម្មតា វាមានរូបរបស់ប្រមុខរដ្ឋនៃប្រទេសណាមួយ។ គេបានផលិតកាក់ដូចនេះ តាំងពីសម័យចក្រភពរ៉ូម៉ាំងមកម្ល៉េះ។ គេហៅផ្ទៃខាងខ្នងរបស់កាក់ថា “កន្ទុយ”។ ការហៅដូចនេះ គឺអាចមានប្រភពមកពីកាក់១០ភែនរបស់ចក្រភពអង់គ្លេស ដែលមានរូបកន្ទុយសត្វតោបាស់ទៅលើ ក្នុងលក្ខណៈដូចជាឡូហ្គោ ឬនិមិត្តសញ្ញាតំណាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរបស់ព្រះគ្រីស្ទ ក្នុងសួនច្បារកេតសេម៉ានី ដែលមានពីរផ្នែកផងដែរ។ ក្នុងពេលដែលជ្រាលជ្រៅបំផុតក្នុងព្រះជន្មរបស់ព្រះអង្គនៅលើផែនដី នៅពេលយប់មុនពេលព្រះអង្គសុគត នៅលើឈើឆ្កាង ព្រះយេស៊ូវបានអធិស្ឋានថា “ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ ពេលដែលព្រះគ្រីស្ទមានបន្ទូលថា “សូមយកពែងនេះចេញ” គឺព្រះអង្គកំពុងតែអធិស្ឋានដោយព្រះទ័យស្មោះត្រង់។ គឺព្រះអង្គបង្ហាញបំណងព្រះទ័យផ្ទាល់ខ្លួនថា នេះជាអ្វីដែលព្រះអង្គចង់បាន។
បន្ទាប់មក ព្រះយេស៊ូវក៏បានចូលដល់ការអធិស្ឋានមួយផ្នែកទៀត ដែលក្នុងនោះព្រះអង្គអធិស្ឋានថា “តែកុំតាមចិត្តទូលបង្គំឡើយ”។ ក្នុងផ្នែកនេះ ព្រះអង្គបានលះបង់ខ្លួនឯង។ ការលះបង់អាត្មាខ្លួនឯងថ្វាយដល់ព្រះ ចាប់ផ្តើម ពេលដែលយើងអធិស្ឋានថា “តើព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើអ្វី?”
ការអធិស្ឋានដែលមានពីរផ្នែកនេះ ក៏បានចែងនៅក្នុងបទគម្ពីរម៉ាថាយ ជំពូក២៦ និង ម៉ាកុស ជំពូក១៤ ហើយក៏បានលើកឡើង នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១៨ផងដែរ។ ការអធិស្ឋានរបស់ព្រះយេស៊ូវមានពីរផ្នែក គឺផ្នែកដែលព្រះអង្គចង់ឲ្យព្រះវរបិតាដកពែងចេញ(អ្វីដែលព្រះអង្គចង់បាន) និងផ្នែកដែលព្រះអង្គទូលសូម កុំឲ្យតាមចិត្តព្រះអង្គ(គឺអ្វីដែលព្រះវរបិតាចង់បាន) ដែលក្នុងនោះ ព្រះអង្គបានសម្រេចព្រះទ័យធ្វើតាមផ្នែកទី២ ដោយចុះចូលតាមព្រះទ័យព្រះវរបិតា ដើម្បីសង្រ្គោះមនុស្សជាតិ។—Elisa Morgan