កាក់​នីមួយ​ៗ សុទ្ធ​តែ​មាន​ផ្ទៃ​ពីរ។ ក្នុង​ភាសា​អង់​គ្លេស គេ​ហៅ​ផ្ទៃ​ខាង​មុខ​ថា “ក្បាល” ដែល​តាម​ធម្មតា វា​មាន​រូប​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ណា​មួយ។ គេ​បាន​ផលិត​កាក់​ដូច​នេះ តាំង​ពី​សម័យ​ចក្រ​ភព​រ៉ូម៉ាំង​មក​ម្ល៉េះ។​ គេ​ហៅ​ផ្ទៃ​ខាង​ខ្នងរបស់​កាក់​ថា “កន្ទុយ”។  ការ​ហៅ​ដូច​នេះ គឺ​អាច​មាន​ប្រភព​មក​ពី​កាក់​១០​ភែន​របស់​ចក្រ​ភព​អង់​គ្លេស ដែល​មាន​រូបកន្ទុយ​សត្វ​តោ​បាស់​ទៅ​លើ ក្នុង​លក្ខណៈ​ដូច​ជា​ឡូហ្គោ ឬនិមិត្តសញ្ញាតំណាង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អធិស្ឋាន​របស់​ព្រះ​គ្រីស្ទ ក្នុង​សួន​ច្បារ​កេតសេម៉ានី ដែល​មាន​ពីរ​ផ្នែក​ផង​ដែរ។ ក្នុង​ពេល​ដែល​ជ្រាល​ជ្រៅ​បំផុត​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​នៅ​លើ​ផែន​ដី នៅ​ពេល​យប់​មុន​ពេល​ព្រះ​អង្គ​សុគត នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ ពេល​ដែល​ព្រះ​គ្រីស្ទ​មាន​បន្ទូល​ថា “សូម​យក​ពែង​នេះ​ចេញ” ​គឺ​ព្រះ​អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។ គឺ​ព្រះ​អង្គបង្ហាញ​បំណង​ព្រះ​ទ័យ​ផ្ទាល់​ខ្លួន​ថា នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​ចង់​បាន។

បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ចូល​ដល់​ការ​អធិស្ឋាន​មួយ​ផ្នែក​ទៀត​ ដែល​ក្នុង​នោះ​ព្រះ​អង្គ​អធិស្ឋាន​ថា “តែ​កុំ​តាម​ចិត្តទូល​បង្គំ​ឡើយ”។ ក្នុង​ផ្នែក​នេះ ព្រះ​អង្គ​បាន​លះ​បង់​ខ្លួន​ឯង។ ការ​លះ​បង់​អាត្មា​ខ្លួន​ឯង​ថ្វាយ​ដល់​ព្រះ ចាប់​ផ្តើម​ ពេលដែល​យើង​អធិស្ឋាន​ថា “តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?”

ការ​អធិស្ឋាន​ដែល​មាន​ពីរ​ផ្នែក​នេះ ក៏​បាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​២៦ និង ម៉ាកុស ជំពូក​១៤ ហើយ​ក៏​បាន​លើក​ឡើង នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៨​ផង​ដែរ។ ​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​មាន​ពីរ​ផ្នែក គឺ​ផ្នែក​ដែលព្រះ​អង្គ​ចង់​ឲ្យ​ព្រះ​វរបិតា​ដក​ពែង​ចេញ​(អ្វី​ដែល​ព្រះ​អង្គ​ចង់​បាន) និង​ផ្នែក​ដែល​ព្រះ​អង្គ​ទូល​សូម​ កុំ​ឲ្យ​តាម​ចិត្ត​ព្រះ​អង្គ(គឺ​អ្វី​ដែល​ព្រះ​វរបិតា​ចង់​បាន) ដែល​ក្នុង​នោះ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​តាម​ផ្នែក​ទី​២ ដោយ​ចុះ​ចូល​តាម​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដើម្បី​សង្រ្គោះ​មនុស្ស​ជាតិ។​—Elisa Morgan