កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ភរិយា​ខ្ញុំ​បាន​ទិញ​ទំនិញ ដោយ​បង់​ប្រាក់​លើស​តម្លៃ​របស់​វា ហើយ​គេ​ក៏​បាន​បង្វិល​លុយ​ដែលបាន​បង់​លើស​នោះ​មក​ឲ្យ​17គាត់​វិញ។ គាត់​មិន​បាន​រំពឹង​ថា គេ​នឹង​សង​គាត់​វិញ​ទេ តែ​គាត់​ក៏​បាន​ឃើញ​ប្រាក់​បង្វិល​នោះ នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​គាត់។ ក្នុង​អំឡុង​ពេល​នោះ មិត្ត​ល្អ​ម្នាក់​បាន​ចែក​ចាយ​ អំពី​តម្រូវ​ការ​របស់​ស្រ្តី នៅប្រទេស​ផ្សេង ដែល​ជា​អ្នក​មាន​គំនិត​ធ្វើ​អាជីវ​កម្ម និង​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ឡើង តាម​រយៈ​ការ​អប់​រំ និង​ការ​រក​ស៊ី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជា​ញឹក​ញាប់ បញ្ហា​ហិរញ្ញ​វត្ថុ គឺ​ជា​ឧប​ស័គ្គ​ទីមួយ​របស់​ពួក​គេ។

ភរិយា​របស់​ខ្ញុំ​ក៏​បាន​យក​ប្រាក់​បង្វិល​នោះ ទៅ​ផ្តល់​ប្រាក់​កម្ចី​ដល់​អង្គការ​គ្រីស្ទ​បរិស័ទ​មួយ​ ដែល​បាន​ផ្តោត​ទៅ​លើការ​ជួយ​ស្រ្តី​ទាំង​នោះ។ ពេល​ដែល​គេ​សង​ប្រាក់​កម្ចី​នោះ​មក​វិញ គាត់​ក៏​បាន​យក​លុយ​នោះ​ទៅ​ផ្តល់​ប្រាក់​កម្ចី​ឲ្យអ្នក​ផ្សេង​ទៀត។ គាត់​ក៏​បន្ត​ធ្វើ​ដូច​នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ស្រ្តី​ទាល់​ក្រ​២៧​នាក់ ដើម្បី​ជួយ​ដល់​ជីវិភាព​របស់​ពួក​គេ។ ភរិយា​ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ប៉ុន្តែ គាត់​កម្រ​មាន​ទឹកមុខ​ញញឹម​ខ្លាំង ដូច​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថ្មី​ៗ អំពី​ភាព​រីក​ចម្រើន ដែល​កំពុង​កើត​ឡើង ក្នុង​ជីវិត​របស់ស្រ្តី​ទាំង​នោះ ដែល​គាត់​មិន​ដែល​បាន​ជួប​ពី​មុនមក​សោះ។

បទ​គម្ពីរ​២កូរិនថូស ៩:៧ បាន​ចែង​ថា “​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ” ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​និយាយ​សង្កត់​ធ្ងន់​អំ​ពី អ្នក​ថ្វាយ ។ ប៉ុន្តែ ការ​ថ្វាយ​របស់​យើង គឺ​ត្រូវ​មាន​លក្ខណៈ​ដ៏​ជាក់​លាក់​របស់​វា គឺ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ “មិន​ស្ទាក់​ស្ទើរ ឬ​បង្ខំ”ឡើយ ហើយ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ព្រោះគ្រាប់​ពូជ “ដោយ​សទ្ធា” (ខ.៦-៧)។ ម្យ៉ាង​ទៀត ការ​ថ្វាយ​របស់​យើង ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ “អំណរ”។ យើង​ម្នាក់​ៗថ្វាយ​ដល់​ព្រះ តាម​របៀប​ខុស​ពី​គ្នា តែ​ទឹក​មុខ​របស់​យើង​ អាច​ជា​ភស្តុ​តាង​បង្ហាញ​ថា យើង​បាន​ធ្វើ​ដោយ​អំណរ​ឬ​អត់។​—John Blase