កាលពីប៉ុន្មានឆ្នាំមុន ភរិយាខ្ញុំបានទិញទំនិញ ដោយបង់ប្រាក់លើសតម្លៃរបស់វា ហើយគេក៏បានបង្វិលលុយដែលបានបង់លើសនោះមកឲ្យ17គាត់វិញ។ គាត់មិនបានរំពឹងថា គេនឹងសងគាត់វិញទេ តែគាត់ក៏បានឃើញប្រាក់បង្វិលនោះ នៅក្នុងប្រអប់សំបុត្ររបស់គាត់។ ក្នុងអំឡុងពេលនោះ មិត្តល្អម្នាក់បានចែកចាយ អំពីតម្រូវការរបស់ស្រ្តី នៅប្រទេសផ្សេង ដែលជាអ្នកមានគំនិតធ្វើអាជីវកម្ម និងបានព្យាយាមធ្វើឲ្យជីវិតខ្លួនមានភាពល្អប្រសើរឡើង តាមរយៈការអប់រំ និងការរកស៊ី។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ បញ្ហាហិរញ្ញវត្ថុ គឺជាឧបស័គ្គទីមួយរបស់ពួកគេ។
ភរិយារបស់ខ្ញុំក៏បានយកប្រាក់បង្វិលនោះ ទៅផ្តល់ប្រាក់កម្ចីដល់អង្គការគ្រីស្ទបរិស័ទមួយ ដែលបានផ្តោតទៅលើការជួយស្រ្តីទាំងនោះ។ ពេលដែលគេសងប្រាក់កម្ចីនោះមកវិញ គាត់ក៏បានយកលុយនោះទៅផ្តល់ប្រាក់កម្ចីឲ្យអ្នកផ្សេងទៀត។ គាត់ក៏បន្តធ្វើដូចនេះ ហើយរហូតមកដល់ពេលនេះ គាត់បានផ្តល់ប្រាក់កម្ចីឲ្យស្រ្តីទាល់ក្រ២៧នាក់ ដើម្បីជួយដល់ជីវិភាពរបស់ពួកគេ។ ភរិយាខ្ញុំមានរឿងជាច្រើនដែលធ្វើឲ្យគាត់សប្បាយចិត្ត ប៉ុន្តែ គាត់កម្រមានទឹកមុខញញឹមខ្លាំង ដូចពេលដែលគាត់បានទទួលដំណឹងថ្មីៗ អំពីភាពរីកចម្រើន ដែលកំពុងកើតឡើង ក្នុងជីវិតរបស់ស្រ្តីទាំងនោះ ដែលគាត់មិនដែលបានជួបពីមុនមកសោះ។
បទគម្ពីរ២កូរិនថូស ៩:៧ បានចែងថា “ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ” ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែឮគេនិយាយសង្កត់ធ្ងន់អំពី អ្នកថ្វាយ ។ ប៉ុន្តែ ការថ្វាយរបស់យើង គឺត្រូវមានលក្ខណៈដ៏ជាក់លាក់របស់វា គឺគួរតែត្រូវបានធ្វើឡើង ដោយ “មិនស្ទាក់ស្ទើរ ឬបង្ខំ”ឡើយ ហើយព្រះអង្គបានត្រាស់ហៅយើងឲ្យព្រោះគ្រាប់ពូជ “ដោយសទ្ធា” (ខ.៦-៧)។ ម្យ៉ាងទៀត ការថ្វាយរបស់យើង ក៏ត្រូវធ្វើឡើងដោយ “អំណរ”។ យើងម្នាក់ៗថ្វាយដល់ព្រះ តាមរបៀបខុសពីគ្នា តែទឹកមុខរបស់យើង អាចជាភស្តុតាងបង្ហាញថា យើងបានធ្វើដោយអំណរឬអត់។—John Blase