កាលពីឆ្នាំ ១៩៤៨ លោកហាឡាន ប៉ូប៉ូវ(Harlan Popov) ជាគ្រូគង្វាលនៃព្រះវិហារដែលថ្វាយបង្គំលួចលាក់ ត្រូវគេនាំខ្លួនពីក្នុងផ្ទះរបស់គាត់ ដើម្បី “ធ្វើការសាកសួរបន្តិចបន្តួច”។ ពីរសប្តាហ៍ក្រោយមក គាត់ក៏ត្រូវគេសួរចម្លើយ២៤ម៉ោង ដោយគ្មានអាហារបរិភោគ អស់រយៈពេល១០ថ្ងៃ។ រៀងរាល់ពេលដែលគាត់បដិសេធថា គាត់មិនមែនជាចារបុរស គាត់ត្រូវគេវាយដុំ។ លោកប៉ូប៉ូវមិនគ្រាន់តែបានរួចជីវិត នៅក្នុងការបៀតបៀនដ៏ព្រៃផ្សៃប៉ុណ្ណោះឡើយ តែថែមទាំងបាននាំអ្នកទោសដទៃទៀត ឲ្យជឿព្រះយេស៊ូវផងដែរ។ ទីបំផុត ១១ឆ្នាំក្រោយមក គាត់ក៏ត្រូវបានគេដោះលែង ហើយក៏បានបន្តផ្សព្វផ្សាយជំនឿរបស់គាត់ ហើយ២ឆ្នាំក្រោយមក គាត់អាចចាកចេញពីប្រទេសគាត់ ដើម្បីជួបជុំគ្រួសារ។ នៅឆ្នាំបន្ទាប់ គាត់ក៏បានចំណាយពេលផ្សាយដំណឹងល្អ និងរៃអង្គាសប្រាក់ ដើម្បីចែកព្រះគម្ពីរ នៅក្នុងបណ្តាប្រទេសដែលគេបិទមិនឲ្យផ្សាយដំណឹងល្អ។
លោកប៉ូប៉ូវត្រូវគេបៀតបៀន ដោយសារជំនឿរបស់គាត់ គឺមិនខុសពីអ្នកជឿព្រះយេស៊ូវ ជាច្រើនរាប់មិនអស់ ក្នុងប្រវត្តិសាស្រ្ត។ មុនពេលព្រះគ្រីស្ទត្រូវគេធ្វើទណ្ឌកម្ម រហូតដល់អស់ព្រះជន្ម និងមុនពេលអ្នកដើរតាមទ្រង់ជួបការបៀតបៀន ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:១០)។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ”(ខ.១១)។
“តើមានពរមែនឬ?” តើព្រះបន្ទូលព្រះអង្គក្នុងបទគម្ពីរនេះ មានន័យដូចម្តេច? ត្រង់ចំណុចនេះ ព្រះអង្គកំពុងតែមានបន្ទូលសំដៅទៅលើភាពពេញលេញ ក្តីអំណរ និងការកម្សាន្តចិត្ត ដែលទទួលបាន ក្នុងទំនាក់ទំនងជាមួយព្រះអង្គ(ខ.៤,៨-១០)។ លោកប៉ូប៉ូវបានស៊ូទ្រាំនឹងទុក្ខលំបាក ព្រោះគាត់បានដឹងថា ព្រះវត្តមានរបស់ព្រះ កំពុងតែប្រទានកម្លាំងឲ្យគាត់ សូម្បីតែនៅពេលដែលគាត់រងទុក្ខលំបាកយ៉ាងណាក៏ដោយ។ ពេលណាយើងដើរជាមួយព្រះ ទោះយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ យើងក៏អាចពិសោធសន្តិភាព ឬសេចក្តីសុខសាន្តរបស់ព្រះអង្គ។ ព្រះអង្គគង់នៅជាមួយយើងជានិច្ច។—Alyson Kieda