កាល​ពី​ឆ្នាំ ១៩៤៨ លោក​ហាឡាន ប៉ូប៉ូវ(Harlan Popov) ជា​គ្រូ​គង្វាល​នៃ​ព្រះ​វិហារ​ដែល​ថ្វាយ​បង្គំ​លួចលាក់ ត្រូវ​គេ​នាំ​ខ្លួន​ពី​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី “ធ្វើ​ការ​សាក​សួរ​បន្តិច​បន្តួច”។ ពីរ​សប្តាហ៍​ក្រោយ​មក គាត់​ក៏​ត្រូវ​គេ​សួរ​ចម្លើយ​២៤​ម៉ោង ដោយ​គ្មាន​អាហារ​បរិភោគ អស់​រយៈ​ពេល​១០​ថ្ងៃ។ រៀង​រាល់​ពេល​ដែល​គាត់​បដិសេធ​ថា គាត់​មិន​មែន​ជា​ចារបុរស  គាត់​ត្រូវ​គេ​វាយ​ដុំ។  លោក​ប៉ូប៉ូវ​មិន​គ្រាន់​តែ​បាន​រួច​ជីវិត នៅ​ក្នុង​ការ​បៀត​បៀន​ដ៏​ព្រៃ​ផ្សៃ​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​នាំ​អ្នក​ទោស​ដទៃ​ទៀត ឲ្យ​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។ ទី​បំផុត ១១​ឆ្នាំ​ក្រោយ​មក គាត់​ក៏​ត្រូវ​បាន​គេ​ដោះ​លែង ហើយ​ក៏​បាន​បន្ត​ផ្សព្វ​ផ្សាយ​ជំនឿ​របស់​គាត់ ហើយ​២​ឆ្នាំ​ក្រោយ​មក គាត់​អាច​ចាក​ចេញ​ពី​ប្រទេស​គាត់ ដើម្បី​ជួប​ជុំ​គ្រួសារ។ នៅ​ឆ្នាំ​បន្ទាប់ គាត់​ក៏បាន​ចំណាយ​ពេល​ផ្សាយ​ដំណឹង​ល្អ និង​រៃ​អង្គាស​ប្រាក់ ដើម្បី​ចែក​ព្រះ​គម្ពីរ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​គេ​បិទ​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។

លោក​ប៉ូប៉ូវ​ត្រូវ​គេ​បៀត​បៀន ដោយ​សារ​ជំនឿ​របស់​គាត់ គឺ​មិន​ខុស​ពី​អ្នក​ជឿ​ព្រះយេស៊ូវ ជា​ច្រើន​រាប់​មិន​អស់ ក្នុង​ប្រវត្តិ​សាស្រ្ត។ មុន​ពេល​ព្រះ​គ្រីស្ទ​ត្រូវ​គេ​ធ្វើ​ទណ្ឌ​កម្ម រហូត​ដល់​អស់​ព្រះ​ជន្ម និង​មុនពេល​អ្នក​ដើរ​តាម​ទ្រង់​ជួប​ការបៀត​បៀន ទ្រង់​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ”​(ម៉ាថាយ ៥:១០)។ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ”(ខ.១១)។

“តើ​មាន​ពរ​មែន​ឬ?” តើ​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​បទ​គម្ពីរ​នេះ មាន​ន័យ​ដូច​ម្តេច? ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​លើ​ភាព​ពេញ​លេញ ក្តី​អំណរ និង​ការ​កម្សាន្ត​ចិត្ត ដែល​ទទួល​បាន​ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ(ខ.៤,៨-១០)។ លោក​ប៉ូប៉ូវ​បាន​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក ព្រោះ​គាត់​បាន​ដឹង​ថា ព្រះ​វត្ត​មាន​របស់​ព្រះ កំពុង​តែ​ប្រទាន​កម្លាំង​ឲ្យ​គាត់ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​រង​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ ពេល​ណា​យើង​ដើរ​ជា​មួយ​ព្រះ​ ទោះយើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​ណា​ក៏​ដោយ យើង​ក៏​អាច​ពិសោធ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។​—Alyson Kieda